រកឃើញផ្នូរធំៗជាង២០០កន្លែង មានសាកសពក្មេងចាស់ប្រុសស្រីរាប់ម៉ឺននាក់ ដែលបន្សល់ពីសង្គ្រាមអ៊ីរ៉ាក់និង ISIS
អ៊ីរ៉ាក់៖ ផ្នូរធំៗជាង ២០០កន្លែង ដែលផ្ទុកសាកសពរួមទាំងស្ត្រី កុមារ និងជនពិការ ចំនួន ១២ ០០០នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីការកាន់កាប់រយៈពេលបីឆ្នាំដ៏ឃោរឃៅរបស់រដ្ឋឥស្លាម។ ក្រុមអ្នកស៊ើបអង្កេតរបស់ UN បានរកឃើញផ្នូរទាំងនោះនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលជាការបន្សល់ទុកពីភេរវកម្មអ៊ីស្លាម ISIS ។ ទំហំនៃការស្លាប់នេះអាចនាំឱ្យអង្គការសហប្រជាជាតិថ្កោលទោសលើ ISIS ហើយពួកគេត្រូវតែទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នេះ។
ផ្នូរទាំង២០២កន្លែងដែលក្រុមអ្នកស៊ើបអង្កេតរបស់ UN បានរកឃើញនេះមានកាលបរិច្ឆេទចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៧ នៅពេលដែល ISIS បានគ្រប់គ្រងទីក្រុង និងទីប្រជុំជនធំៗមួយចំនួនរបស់អ៊ីរ៉ាក់។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានមនុស្សជាង ៥ ០០០នាក់ត្រូវបានសម្លាប់ហើយ ៥ ០០០នាក់ផ្សេងទៀតត្រូវបានគេយកធ្វើជាទាសករផ្លូវភេទ។
ផ្នូរជាច្រើនដែលត្រូវបានរកឃើញនៅក្នុងខេត្ត Salahuddin នៃប្រទេសអ៊ីរ៉ាក់នេះ មានផ្ទុកនូវសាកសពរបស់ជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Camp Speicher ក្នុងឆ្នាំ ២០១៤ នៅពេលដែលពួកសកម្មប្រយុទ្ធបានសម្លាប់កងកម្លាំងអ៊ីរ៉ាក់ និងកងកម្លាំងទាហានអ៊ីរ៉ាក់ប្រហែល ១ ៧០០នាក់។ យ៉ាងណាមិញអ៊ីរ៉ាក់បានទទួលជ័យជម្នះលើក្រុម ISIS កាលពីខែធ្នូឆ្នាំមុន តែពួកសកម្មប្រយុទ្ធនៅតែបន្តគ្រប់គ្រងកាន់កាប់ក្នុងប្រទេសស៊ីរីដដែល៕






អត្ថបទ៖ លីដា
ប្រភព៖ dailymail