អន្តរជាតិ

នាវាដឹកទំនិញ​មួយគ្រឿងរបស់ជប៉ុន បានរងការវាយប្រហារដោយមីស៉ីលរបស់រុស្ស៊ី​ នៅឯសមុទ្រខ្មៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន

BY
autoadmin
February 26, 2022

នាវាដឹកទំនិញដែលគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុនមួយគ្រឿង ត្រូវបានរងការវាយប្រហារដោយគ្រាប់មីស៊ីលនៅឯសមុទ្រខ្មៅ ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យនាវិកម្នាក់បានរងរបួស។ ប្រភពព័ត៌មានបាននិយាយថា មីស៊ីលនោះជារបស់រុស្ស៊ី ហើយវាបានបាញ់ចំផ្នែកខាងក្រោយរបស់នាវា ដែលបណ្តាលឱ្យមានការឆាបឆេះ។ ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា នាវានោះមានឈ្មោះថា Namura Queen និងបានចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ហើយវាគឺជានាវាគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលមានមូលដ្ឋាននៅទីក្រុង Imabari ក្នុងខេត្ត Ehime របស់ប្រទេសជប៉ុន។

បុគ្គលិករបស់ក្រុមហ៊ុន​បាននិយាយ​ថា​ នាវិក​ទាំង​ ២០​នាក់ រួមទាំង ១នាក់ ដែលបានរងរបួស គឺជា​ជនជាតិ​ហ្វីលីពីន។ ចំណែកអ្នកនៅសេសសល់ទាំង ១៩ នាក់ទៀត ត្រូវបានគេរាយការណ៍ថា មិនបានរងរបួសអ្វីទេ។ នៅមុនពេលកើតហេតុ នាវាមួយគ្រឿងនោះកំពុងធ្វើដំណើរទៅកំពង់ផែ Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ប៉ុន្តែនាវាមិនបានដឹងថា វាជាតំបន់កំពុងមានបញ្ហាជម្លោះរវាង អ៊ុយក្រែន-រុស្ស៊ី នោះទេ។ យ៉ាងណា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃការវាយប្រហារនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times

Share This Post: