អន្តរជាតិ

គូស្នេហ៍អ៊ុយក្រែនមួយគូបានបង្ខំចិត្តរៀបការមុនកាលកំណត់ ដោយគ្មានញ្ញាតិមិត្តមកចូលរួម ដើម្បីប្រញាប់ប្រញាល់ទៅចូលរួមធ្វើជាកងកម្លាំងមូលដ្ឋាន ការពារការឈ្លានពានរបស់ប្រទេសរុស្ស៊ី

BY
autoadmin
February 26, 2022

បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា គូស្នេហ៍ជនជាតិអ៊ុយក្រែន ១គូ បានប្រញាប់​ប្រញាល់ចូលព្រះវិហារ ដើម្បីស្បថស្បែរៀបការនឹងគ្នាមុនកាលកំណត់ បន្ទាប់ពីប្រទេសរបស់ពួកគេកំពុងធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ អ្នកទាំង ២នាក់ មានឈ្មោះថា Yaryna Arieva (ស្រី) និង Sviatoslav Fursin (ប្រុស) បានរៀបការជាមួយគ្នា អមដោយសំឡេងនៃការទម្លាក់គ្រាប់ និងរថយន្តស៊ីរ៉ែនពាសពេញទីក្រុង ខណៈដែលរុស្ស៊ីបានប្រកាសពីការឈ្លានពាន មកលើអ៊ុយក្រែនជាផ្លូវការ។ អ្នកទាំង ២ បាននិយាយថា ពួកគេមិនដឹងថាអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណានោះទេ ហើយបន្ទាប់ពីការស្បថស្បែរៀបការនេះ ពួកគេក៏បានចូលរួមជាមួយមជ្ឈមណ្ឌលការពារទឹកដី ដើម្បីចូលរួមជាកម្លាំងក្នុងការការពារជាតិរបស់ពួកគេ។

ដើមឡើយនៅមុនពេលរុស្ស៊ីធ្វើការឈ្លានពានលើអ៊ុយក្រែន គូស្នេហ៍ទាំង ២ គ្រោងនឹងរៀបការនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ដោយនឹងប្រារព្ធពិធីនៅភោជនីយដ្ឋានមួយ មានការរៀបចំយ៉ាងស្រស់ស្អាត នៅមុខទន្លេ Dnieper ។ ប៉ុន្តែអ្វីៗទាំងអស់បានផ្លាស់ប្តូរ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រតិបត្តិការយោធានៅអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយការវាយប្រហារបានចាប់ផ្តើមជាច្រើនម៉ោងមុនពេលថ្ងៃរះ ជាមួយនឹងការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់។ វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងភាគកណ្តាល និងភាគខាងកើតអ៊ុយក្រែន នៅពេលដែលកងកម្លាំងរុស្ស៊ីបានវាយប្រហាររហូតដល់ទៅ ៣ ច្រក ដែលបានសម្លាប់ជីវិត និងគំរាមកំហែងជីវិតប្រជាជនអ៊ុយក្រែនរាប់សិបលាននាក់ផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: