អន្តរជាតិ

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងកម្លាំងដាក់នុយក្លេអ៊ែរប្រុងជើងការក្នុងកម្រិតខ្ពស់

BY
autoadmin
February 28, 2022

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងបង្កើនភាពតានតឹងនៅភាគបូព៌ា-ខាងលិចកាន់តែខ្លាំងឡើងៗ ដោយលោកបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ត្រូវដាក់ការប្រុងប្រយ័ត្នឱ្យបានខ្ពស់កាលពីថ្ងៃអាទិត្យនេះ ស្របពេលដែលកងទ័ព និងរថក្រោះរបស់រុស្សី បានបើកចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបនឹង «សេចក្តីថ្លែងការណ៍អំពីការឈ្លានពាន» របស់អង្គការណាតូ និងទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹង លោក វ្ល៉ាឌីមៀ ពូទីន បានចេញសេចក្តីណែនាំមួយ ដើម្បីឱ្យមានការត្រៀមខ្លួនផ្នែកអាវុធនុយក្លេអ៊ែរ ហើយវាកំពុងធ្វើឱ្យមានការភ៏យខ្លាចថា ការឈ្លានពាននៅអ៊ុយក្រែនអាចនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ទោះបីជាចេតនា ឬអចេតនាក៏ដោយ។

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«មេដឹកនាំរុស្ស៊ីកំពុងដាក់ការគំរាមដោយប្រើកម្លាំងយោធា ដែលប្រសិនបើមានការគណនាខុស អាចធ្វើឱ្យអ្វីៗកាន់តែមានគ្រោះថ្នាក់»។ ការណែនាំរបស់លោក ពូទីន បានកើតមានឡើង នៅពេលដែលកងកម្លាំងរុស្ស៊ីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងពីសំណាក់អ្នកការពារអ៊ុយក្រែន។ ទោះបីជាមានការរំកិលខ្លួនយ៉ាងលឿនរបស់រុស្ស៊ី នៅកាន់ទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ ក៏មន្ត្រីអាមេរិកជឿថា ការលុកលុយរបស់រុស្ស៊ីមានការលំបាក និងយឺតជាងការរំពឹងទុករបស់វិមានក្រឹមឡាំង។ ក្រឡេកទៅមើលខាងអ៊ុយក្រែនវិញ ការិយាល័យប្រធានាធិបតីលោក Volodymyr Zelenskyy បានប្រកាសពីផែនការសម្រាប់កិច្ចប្រជុំជាមួយគណៈប្រតិភូរុស្ស៊ី នៅទីតាំងដែលមិនបានបញ្ជាក់នៅព្រំដែនបេឡារុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press

Share This Post: