អន្តរជាតិ

ណាតូ​បានដាក់​ពង្រាយ​កម្លាំង​ឆ្លើយតប​​រហ័ស NRF ​ទៅកាន់​អឺរ៉ុប​ខាងកើត ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

BY
autoadmin
March 2, 2022

ណាតូបានបង្កើនការការពាររបស់សម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ វាបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពមួយចំនួននៃកងកម្លាំងឆ្លើយតបរបស់អង្គការណាតូ (NRF) បានមកដល់ប្រទេសរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន។ ជម្រាបដែរថា NRF គឺជាកម្លាំងត្រៀមលក្ខណៈខ្ពស់ ដែលអាចដាក់ពង្រាយបានយ៉ាងរហ័ស ក្នុងករណីមានអាសន្ន។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានទៅទស្សនាមូលដ្ឋានយោធាក្នុងប្រទេសប៉ូឡូញ និងអេស្តូនី ជាកន្លែងដែលសម្ព័ន្ធមិត្តបានបញ្ជូនកងទ័ព និងយន្តហោះចម្បាំងនៅទីនោះ។

លោក Stoltenberg បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍កាន់តែតានតឹងក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោកបានកត់សម្គាល់ថា ជួររថពាសដែករុស្ស៊ីធុនធ្ងន់កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Kyiv ។ លោក​បាន​និយាយ​ថា វា​នឹង​នាំ​មក​នូវ​ការ​ស្លាប់​កាន់​តែ​ច្រើន និងភាព​រង​ទុក្ខ​វេទនារបស់​ជន​ស៊ីវិល​កាន់​តែ​ច្រើន​។ លោក​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​បង្កើន​ការ​គាំទ្រ​របស់​អង្គការ​ណាតូ​ សម្រាប់​អ៊ុយក្រែន ​តាម​មធ្យោបាយ​ដូចជា​សមាជិករបស់ណាតូនឹង​ផ្តល់​អាវុធទៅអ៊ុយក្រែនជាដើម។ នាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas បាននិយាយថា លោកស្រីបានដឹងថា ទាហានបេឡារុស្សបានចូលអ៊ុយក្រែន។ លោកស្រីបានថ្កោលទោសប្រទេសបេឡារុស្សថា ជាសហអ្នកឈ្លានពាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: