អន្តរជាតិ

ប្រទេសរុស្ស៊ីត្រូវបាន FIFA បណ្តេញចេញពីការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០២២ ទាំងក្រុមបាល់ទាត់បុរស និងនារី

BY
autoadmin
March 2, 2022

FIFA បានប្រកាសថា រុស្ស៊ីត្រូវបានបណ្តេញចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ហើយក្រុមរបស់ប្រទេសនេះ ត្រូវបានផ្អាកពីការប្រកួតបាល់ទាត់អន្តរជាតិទាំងអស់ «រហូតដល់មានការជូនដំណឹងបន្ថែម» បន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មកកាន់អ៊ុយក្រែន នេះបើតាមសេចក្តីថ្លែងការណ៍រួមជាមួយ UEFA កាលពីថ្ងៃចន្ទ។ ជម្រាបដែរថា ក្រុមបាល់ទាល់បុរស ត្រូវទៅលេងវគ្គជម្រុះក្នុងខែមីនា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតានៅចុងឆ្នាំនេះ ខណៈដែលក្រុមនារី នឹងត្រូវជម្រុះសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអង់គ្លេសដែលនឹងធ្វើឡើងនៅខែកក្កដា។

ការ​ប្រកាស​នេះ​ក៏​ប៉ះពាល់​ដល់​ក្លឹប​រុស្ស៊ី​ ដែលនឹងត្រូវ​ចូល​រួម​ក្នុង​ការ​ប្រកួត​នៅ​អឺរ៉ុបផងដែរ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងអឺរ៉ុបបាននិយាយថា FIFA និង UEFA ថ្ងៃនេះបានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់ មិនថាក្រុមតំណាងជាតិ ឬក្រុមក្លឹប នឹងត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតរបស់ FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម។ គួរឱ្យដឹងដែរថា រុស្សីនឹងត្រូវប្រកួតជាមួយប៉ូឡូញក្នុងការប្រកួតជម្រុះ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ហើយអាចបន្តទៅជួបស៊ុយអែត ឬសាធារណរដ្ឋឆេកនៅថ្ងៃទី២៩ ខែមីនា សម្រាប់កៅអីវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: