អន្តរជាតិ

ទាហានរុស្ស៊ីដណ្តើមបានទីក្រុង Kherson ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់របស់អ៊ុយក្រែន

BY
autoadmin
March 3, 2022

កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Kherson របស់ប្រទេសអ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ដំបូងគេបង្អស់ ដែលបានដួលរលំ ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីសប្តាហ៍មុន។ អភិបាលក្រុងលោក Igor Kolykhaiev បានប្រកាសថា លោកនឹងត្រូវពិភាក្សាជាមួយ «ភ្ញៀវប្រដាប់អាវុធ» របស់លោក ដែលកំពុងតែដណ្ដើមយកទីក្រុងនេះ។ គាត់បានសរសេរនៅលើហ្វេសប៊ុកថា «យើងគ្មានអាវុធ ហើយមិនបានឈ្លានពានគេ។ យើងបានបង្ហាញថា យើងកំពុងធ្វើការដើម្បីធានាទីក្រុង និងកំពុងព្យាយាមដោះស្រាយ ជាមួយនឹងផលវិបាកនៃការលុកលុយ»។

យ៉ាងណាក៏ដោយលោក Igor Kolykhaiev បានទទួចមិនឱ្យមានការបាញ់ប្រហារលើពលរដ្ឋនោះទេ ហើយលោកនឹងណែនាំបំរាមគោចរពេលយប់នៅក្នុងទីក្រុង និងការរឹតបន្តឹងលើចរាចរណ៍រថយន្ត។

កងទ័ពរុស្ស៊ីបានប្រកាសពីការរឹបអូសយកក្រុង Kherson ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីឧបទ្វីបគ្រីមៀ ដែលត្រូវបានគ្រប់គ្រងក្នុងឆ្នាំ២០១៤ ដោយទីក្រុងម៉ូស្គូ កាលពីព្រឹកថ្ងៃពុធ។ ទីក្រុងសមុទ្រខ្មៅបានស្ថិតនៅក្រោមការឡោមព័ទ្ធ ខណៈដែលកងកម្លាំងរុស្ស៊ីបានបន្តការវាយលុករបស់ពួកគេលើមជ្ឈមណ្ឌលទីក្រុងផ្សេងទៀត។ កំពង់ផែសំខាន់មួយទៀតរបស់អ៊ុយក្រែនគឺ Berdiansk ត្រូវបានទាហានរុស្ស៊ីរឹបអូសរួចហើយ ខណៈដែល Mariupol ក៏កំពុងរងការវាយលុក នេះបើយោងតាមអភិបាលក្រុង Vadym Boychenko៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: