ទាហានរុស្ស៊ីម្នាក់បានស្រក់ទឹកភ្នែក ពេលពលរដ្ឋអ៊ុយក្រែនចាប់បាន ហើយឱ្យទូរស័ព្ទតេទៅរកម្ដាយ ដើម្បីបញ្ជាក់ថា «គាត់មិនកើតអ្វីទេ» (មានវីដេអូ)
- BY
- autoadmin
- March 3, 2022
នៅក្នុងវីដេអូមួយដែលបានបង្ហោះដោយ Daily Mail បានបង្ហាញពីទាហានរុស្ស៊ីម្នាក់ ដែលកំពុងផឹកតែបណ្ដើរ និងស្រក់ទឹកភ្នែកបណ្ដើរ នៅពេលដែលពលរដ្ឋអ៊ុយក្រែន បានទូរស័ព្ទទៅម្ដាយរបស់គាត់ដើម្បីប្រាប់គាត់ថា គាត់មិនបានកើតអីទេ បើទោះបីជាភាគីខាងអ៊ុយក្រែនបានចាប់ខ្លួនគាត់ក៏ដោយ។ ពោលគឺទាហានរុស្ស៊ីម្នាក់នោះ បានសារភាពចុះចាញ់ ហើយរូបគេត្រូវបានពលរដ្ឋ និងរថយន្តជាច្រើន ចោមរោមនៅក្នុងហេតុការណ៍នោះ។ ខណៈពេលដែលគាត់កំពុងហូបនំ និងផឹកតែ ដែលពលរដ្ឋអ៊ុយក្រែនបានប្រគល់ឱ្យ ក៏មានស្រ្តីម្នាក់ទៀតបានឱ្យទូរស័ព្ទមកគាត់ ដើម្បីទាក់ទងទៅម្ដាយប្រាប់ពីសុខទុក្ខរបស់គាត់ ទើបបានជាគាត់អួលដើមក ហើយទប់ទឹកភ្នែកមិនជាប់តែម្ដងទៅ។

ទាហានម្នាក់នោះមិនបាននិយាយអ្វី ក្រៅពីសម្រួលអារម្មណ៍នៅពេលគាត់ហូបនំ និងផឹកតែ ដែលពលរដ្ឋបានប្រគល់ឱ្យ ហើយបញ្ចប់ការទូរស័ព្ទជាមួយម្ដាយ ដោយការថើបទៅកាន់ម្ដាយរបស់គាត់។ បើតាមវីដេអូដដែលនោះបានបង្ហាញថា រូបគាត់បានហូបនំ និងផឹកតែ ដូចជាមិនបានហូបអាហារគ្រប់គ្រាន់រាប់ថ្ងៃមកហើយ។ គួរឱ្យដឹងដែរថា វីដេអូឃ្លីបនោះបានលេចចេញឡើយ នៅចំពេលដែលមានសេចក្តីរាយការណ៍មកថា ទាហានរុស្ស៊ីខ្លះកំពុងបំផ្លាញរថយន្តខ្លួនឯង ហើយយល់ព្រមចុះចាញ់ ដែលបញ្ជាក់ថា ពួកគេមិនបានត្រូវការសង្គ្រាមរវាងប្រទេសទាំង ២ នោះទេ។ មានទាហានរុស្ស៊ីមួយចំនួនបានយំ និងត្អូញត្អែរពីការខ្វះខាតការផ្គត់ផ្គង់ជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






