បុរសអាយុ ២១ ឆ្នាំម្នាក់កើតជំងឺទឹកនោមផ្អែម ដោយសារតែទម្លាប់ញ៉ាំផ្លែឈើជំនួសអាហារពេលល្ងាច
បុរសអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថា កើតមានជំងឺទឹកនោមផ្អែម បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំផ្លែឈើជំនួស អាហារពេលល្ងាចរយៈពេលមួយខែ។ បុរសជាជនរងគ្រោះរូបនេះមានឈ្មោះថា Xiao Mao រស់នៅក្នុងក្រុង Hangzhou ប្រទេសចិន។ ជាធម្មតាគាត់តែងមមាញឹកខ្លាំងជាមួយនឹងការងារដោយរកតែពេលញ៉ាំអាហារឲ្យបានត្រឹមត្រូវមិនបានផង។ ដូចនេះក្នុងរយៈពេលមួយខែចុងក្រោយនេះគាត់បានសម្រេចញ៉ាំតែផ្លែឈើសុទ្ធសម្រាប់អាហារពេលល្ងាច ដូចជាផ្លែចេក ស្តបប៊ឺរី ឬត្រសក់ផ្អែមជាដើម។ ក្រោយមកគាត់បានកើតមានអាការៈមិនស្រួលខ្លួន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេបានរកឃើញថា ជាតិស្ករក្នុងឈាមគាត់ឡើងដល់ ៧៩,៩៨ mol/L ដែលកម្រិតនេះគឺឡើងខ្ពស់ជាងមនុស្សធម្មតា ១០ ដង។
បន្ទាប់មកទៀតគេក៏បានរកឃើញដែរថា គាត់ក៏មានមានជំងឺទឹកនោមផ្អែមប្រភេទ ១ ផងដែរ។ វេជ្ជបណ្ឌិតបានពន្យល់ថា ការពិតបុរសជនរងគ្រោះមានមេរោគនៃជំងឺទឹកនោមផ្អែមប្រភេទ ១ នេះ ស្រាប់ តែវាមិនទាន់ដល់ដំណាក់កាលធ្វើទុក្ខនេះទេ។ យ៉ាងណាក្តីនៅពេលដែលគាត់ប្តូរមកញ៉ាំផ្លែឈើដូចនេះ វាបានធ្វើឲ្យខ្លាញ់ក្នុងរាងកាយរលាយលឿនពេក និងបានបង្កឲ្យមានជាតិអាស៊ីតក្នុងឈាម ហើយម្យ៉ាងទៀតក្នុងផ្លែឈើទាំងនោះក៏មានជាតិស្ករច្រើនដែរទើបធ្វើឲ្យគាត់កើតមានជំងឺទឹកនោមផ្អែមប្រភេទ ១ នេះតែម្តង។ វេជ្ជបណ្ឌិតបានផ្តាំផ្ញើរថា ផ្លែឈើគឺល្អសម្រាប់សុខភាព តែលោកអ្នកមិនគួរតែញ៉ាំតែផ្លែឈើសុទ្ធជំនួសអាហារពេលល្ងាចនោះ គួរញ៉ាំលាយជាមួយនឹងបន្លែ ស៊ុត ឬត្រីខ្លះទើបល្អ ព្រោះបើញ៉ាំតែផ្លែឈើសុទ្ធក្នុងបរិមាណច្រើនវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz