ប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រេចហាមឃាត់ការនាំចូលថាមពលមួយចំនួនពីប្រទេសរុស្ស៊ីបន្ថែមទៀត
- BY
- autoadmin
- March 9, 2022
ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសហាមប្រាមការនាំចូលថាមពលពីរុស្ស៊ី ខណៈការសម្រេចចិត្តនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងកំណត់គោលដៅសេដ្ឋកិច្ចរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។ លោក ចូ បៃដិន បានប្រកាសពីការហាមប្រាមនេះនៅសេតវិមានកាលពីថ្ងៃអង្គារ ដោយការហាមប្រាមនោះមានរួមបញ្ចូលទាំងប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ។ លោកបាននិយាយថា សហរដ្ឋអាមេរិកចង់រក្សាសម្ពាធកាន់តែខ្លាំងលើលោក ពូទីន និងការធ្វើសង្រ្គាមរបស់គាត់។ លោក បៃដិន បាននិយាយថា លោកកំពុងអនុវត្តបម្រាមនេះ ដើម្បីបង្កការឈឺចាប់បន្ថែមទៀតលើលោក ពូទីន ។

លោក ចូ បៃដិន ក៏បានទទួលស្គាល់ផងដែរថា ការហាមប្រាមថាមពលនឹងត្រូវប៉ះពាល់ដល់គ្រួសារ និងអាជីវកម្មអាមេរិក។ ជាក់ស្ដែងកាលពីឆ្នាំមុន ៨% នៃការនាំចូលប្រេង និងផលិតផលចម្រាញ់របស់សហរដ្ឋអាមេរិកបាន គឺបានមកពីប្រទេសរុស្ស៊ី។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ថាមពលទាំងនោះ បានឃើញពីការកើនឡើងតម្លៃរួចស្រេចទៅហើយ នៅពេលដែលសេដ្ឋកិច្ចអាមេរិក ឬមិនថានៅបណ្ដាប្រទេសផ្សេងទៀត បានជាសះស្បើយពីជំងឺរាតត្បាត។
លោក បៃដិន បាននិយាយថា ចាប់តាំងពីលោក ពូទីន ចាប់ផ្តើមបង្កើតកម្លាំងយោធាមក ឧស្ម័ន ១លីត្រ នៅអាមេរិកបានកើនឡើង ៧៥សេន ដូច្នេះការហាមប្រាមនឹងធ្វើឱ្យវាកើនឡើងខ្ពស់ជាងនេះ។ គាត់បានសន្យាថា នឹងបញ្ចេញប្រេងចេញពីស្តុកបម្រុង ហើយនឹងធ្វើគ្រប់យ៉ាងតាមដែលអាច ដើម្បីគ្រប់គ្រងតម្លៃនេះ។ លោកបានបន្ថែមថា ស្ថានភាពបែបនេះ គួរតែជំរុញប្រជាជនអាមេរិកឱ្យពន្លឿនការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាតវិញ។ លោកនិយាយថា ប្រសិនបើរឿងនោះកើតឡើង «ពួកអាក្រក់ដូចលោកពូទីន» នឹងមិនអាចប្រើឥន្ធនៈហ្វូស៊ីលជា «អាវុធបានឡើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






