អង់គ្លេសគ្រោងបញ្ជូនសព្វាវុធប្រឆាំងមីស៊ីល Starstreak ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ការវាយប្រហារតាមអាកាសពីប្រទេសរុស្ស៊ី (មានវីដេអូ)
- BY
- autoadmin
- March 10, 2022
រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនអាវុធប្រឆាំងមីស៊ីល ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការទម្លាក់គ្រាប់មីស៊ីលរបស់ប្រទេសរុស្ស៊ី។ លោក Wallace បានប្រាប់សភាថា រដ្ឋាភិបាលកំពុងរិះរក បរិច្ចាគអាវុធល្បឿនលឿន Starstreak ដែលផលិតនៅចក្រភពអង់គ្លេស។ លោកបាននិយាយថា សមត្ថភាពប្រឆាំងដែនអាកាសរបស់អ៊ុយក្រែន «ត្រូវការការពង្រឹង» ដោយសារតែកងកម្លាំងរុស្ស៊ីកំពុង «ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ» ដើម្បីផ្តោតលើការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។

រដ្ឋមន្ត្រីការពារជាតិរូបនេះបានលាតត្រដាងថា អង់គ្លេសក៏បានផ្តល់អាវុធប្រឆាំងរថក្រោះស្រាលចំនួន ៣,៦១៥ ដល់អ៊ុយក្រែនផងដែរ ព្រមទាំងអាវុធធុនតូច និងគ្រាប់ផ្ទុះផ្សេងទៀត។ លោកក៏បាននិយាយដែរថា រុស្ស៊ីទើបតែសម្រេចបាននូវគោលបំណងសំខាន់មួយរបស់ខ្លួន ចាប់តាំងពីវាបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជិត ២ សប្តាហ៍មុន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិងកំពុងពឹងផ្អែកលើចក្រភពអង់គ្លេស ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត សម្រាប់ការគាំទ្រផ្នែកយោធានេះ។
លោក Volodymyr Zelensky ក៏បានដាក់សំណើសព្វាវុធជាច្រើនទៅលោក Boris Johnson ហើយចក្រភពអង់គ្លេសបានគិតថា នឹងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះរៀងរាល់ថ្ងៃទៅឱ្យអ៊ុយក្រែន។ ប្រទេសអ៊ុយក្រែន បាននិងកំពុងជំរុញឱ្យលោកខាងលិចដាក់ចេញបំរាមហោះហើរ ប៉ុន្តែចក្រភពអង់គ្លេស និងប្រទេសដទៃទៀតបានច្រានចោលការផ្លាស់ប្តូរនេះ ដោយហេតុផលថា វាអាចបង្កឱ្យមានសង្គ្រាមពេញទំហឹងរវាងរុស្ស៊ី និងអង្គការណាតូ។ លោក Wallace បានប្រកាសនៅពេលថ្មីៗនេះថា អង់គ្លេសកំពុងសម្លឹងមើលការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ ទាហានអង់គ្លេសជាង ១,០០០ នាក់ កំពុងរង់ចាំ ដើម្បីជួយគាំទ្រការឆ្លើយតបមនុស្សធម៌ចំពោះការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនផងដែរ៕





អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






