ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គាំទ្រតារាកូរ៉េយូរហើយ ធ្លាប់ឆ្ងល់អត់ ហេតុអ្វីត្រកូល គីម, លី​​​ និង​​ផាក មានច្រើនដោយសារអ្វីទេ?

    BY autoadmin November 14, 2018
    គាំទ្រតារាកូរ៉េយូរហើយ ធ្លាប់ឆ្ងល់អត់ ហេតុអ្វីត្រកូល គីម, លី​​​ និង​​ផាក មានច្រើនដោយសារអ្វីទេ?

    ច្បាស់ណាស់ថា សម្រាប់អ្នក ដែលមិនស្គាល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់កូរ៉េច្បាស់ជាគិតថា ប្រជាជនកូរ៉េមានតែត្រកូល​៖ គីម(Kim), លី(Lee), ផាក(Park) និង ឆយ(Choi) តែប៉ុណ្ណោះ។ ជនជាតិកូរ៉េមិនមែនមានតែត្រកូល ដែលបានរៀបរាប់ទាំងនេះនោះទេ គឺមានត្រកូលផ្សេងទៀត តែយ៉ាងណាមិញចំនួនអ្នក ដែលមានត្រកូល​ គីម លី​​​ និង​​ផាក បីនេះគឺមានចំនួនស្មើនឹងពាក់កណ្តាលលើចំនួនប្រជាជនសរុបឯណោះ។

    នាមត្រកូលសម្រាប់ជនជាតិកូរ៉េគឺជាការបង្កើតថ្មី ហើយវាជារឿងកម្រណាស់ក្នុងការស្វែងរកនរណាម្នាក់ ដែលមាននាមត្រកូលក្នុងរាជវង្សចូហ្សុង ដែលមានរយៈកាលពីឆ្នាំ ១៣៩២ ដល់ឆ្នាំ ១៩១០ ពីព្រោះនាមត្រកូលត្រូវបានប្រើប្រាស់សម្រាប់តែវរជនតែប៉ុណ្ណោះ។ មុនឆ្នាំ ១០០០ ស្តេចកូរ៉េឈ្មោះ Wang Geon ដែលបានបង្កើតរជ្ជកាល Goryeo បានសម្រេចអនុញ្ញាតឱ្យមន្ត្រីដែលស្មោះត្រង់មកលើរាជវង្សមាននាមត្រកូលផ្ទាល់ខ្លួន ដោយតម្រូវឱ្យពួកគេធ្វើការប្រឡងយក «នាមត្រកូល»​​ ហើយភាគច្រើននៃអ្នកទាំងនេះគឺមកពីគ្រួសារពួកវរជន។ អ្នកដែលបានប្រឡងជាប់នឹងទទួលបាន​ «នាមត្រកូល»​​ ហើយនាមត្រកូលរបស់ពួកគេនឹងត្រូវបានកត់ត្រាចូលសៀវភៅពង្សាវលី។

    ក្រោយមកទៀតសូម្បីតែក្រុមអ្នកជំនួញក៏អាចប្រលងយក​​​​ «នាមត្រកូល»​ បានដែរ​​ ហើយមិនយូរមិនឆាប់សូម្បីតែអ្នកមានលុយស្តុកស្តម្ភក៏អាចទិញសៀវភៅពង្សាវលីពីគ្រួសារវរជនដែលធ្លាក់ខ្លួនក្រទៅវិញ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាន។ នាឆ្នាំ​១៧០០​ ក្រោយមកប្រជាជនទាំងនោះក៏ចាប់ផ្តើមទិញសៀវភៅពង្សាវលីពីពួកអភិជន ដើម្បីបង្កើតនាមត្រកូលដល់គ្រួសាររបស់ពួកគេ។

    ក្នុងរជ្ជកាល​ Joseon កំឡុងឆ្នាំ ១៨៩៤​ កូរ៉េក៏ផ្លាស់ប្តូរវណ្ណនិយមនេះដោយអនុញ្ញាតឱ្យប្រជាជនមាននាមត្រកូលគ្រប់គ្នា ប៉ុន្តែព្រះមហាក្សត្រមិនអនុញ្ញាតឱ្យអ្នកដែលមាននាមត្រកូលដូចគ្នារៀបការទេ (ការហាមឃាត់ត្រូវលុបវិញក្នុងឆ្នាំ ១៩៩៧) ក្រោយមកឆ្នាំ​ ១៩០៩ ប្រជាជនគ្រប់រូបត្រូវបានតម្រូវឱ្យចុះឈ្មោះនាមត្រកូលរបស់ពួកគេជាមួយនឹងរដ្ឋ។ ឥឡូវអ្នកទាំងអស់គ្នាប្រហែលជាអាចទាយបានហើយថា ហេតុអ្វីបានជាត្រកូល គីម លី​​​ និង​​ ផាកនេះ​​សម្បូរម្ល៉េះ? គឺដំបូងឡើយវាជានាមត្រកូលរបស់ខ្សែរាជ្យវង្ស ហើយរាប់សតវត្សក្រោយមកមនុស្សធម្មតាក៏បន្តយកនាមត្រកូលទាំងនេះមកប្រើដល់សព្វថ្ងៃ។​​

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: