អន្តរជាតិ

អង្គការសហប្រជាជាតិ៖ ប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន «នឹងគ្មានអ្នកឈ្នះទេ គឺមានតែអ្នកចាញ់ប៉ុណ្ណោះ»

BY
autoadmin
March 15, 2022

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបាននិយាយថា ប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន «នឹងគ្មានអ្នកឈ្នះទេ គឺមានតែអ្នកចាញ់ប៉ុណ្ណោះ»។ លោក Guterres បាន​ធ្វើ​ការ​កត់សម្គាល់​បែបនេះ ខណៈ​ដែល​លោក​បាន​ប្រាប់​អ្នក​កាសែត​អំពី​ស្ថានភាព​នៅ​អ៊ុយក្រែន។ លោកបាននិយាយថា៖«ផលប៉ះពាល់លើជនស៊ីវិល កំពុងឈានដល់សមាមាត្រដ៏គួរឱ្យភ័យខ្លាច។ មនុស្សស្លូតត្រង់រាប់មិនអស់ រួមទាំងស្ត្រី និងកុមារកំពុងត្រូវបានសម្លាប់»។ ប្រធានអង្គការសហប្រជាជាតិរូបនេះ ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៤០ លានដុល្លារ ដល់ប្រជាជនអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយសង្គ្រាមនេះ។

លោកបាននិយាយថា៖«ដោយសារមនុស្សរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងភាពអត់ឃ្លាន និងការផ្គត់ផ្គង់ទឹក និងថ្នាំពេទ្យ ខ្ញុំកំពុងប្រកាសនៅថ្ងៃនេះថា អង្គការសហប្រជាជាតិនឹងបែងចែកថវិកាចំនួន ៤០ លានដុល្លារបន្ថែមទៀត ពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនជំនួយដ៏សំខាន់ដើម្បីទៅដល់អ្នកដែលងាយរងគ្រោះបំផុត»។ ជម្រាបដែរថា អង្គការសហប្រជាជាតិបាននិយាយនាពេលថ្មីៗនេះថា ចំនួនពលរដ្ឋដែលបានភៀសខ្លួនចេញពីអ៊ុយក្រែនចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ី ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បានកើនឡើងដល់ ២.៨ លាននាក់ ដែលធ្វើឱ្យវាក្លាយជាការភៀសខ្លួនដ៏ធំបំផុត នៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: