ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសអូស្ត្រាលី និងហូឡង់ កំពុងចាត់វិធានការតាមផ្លូវច្បាប់រួមគ្នាប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញកាលពីឆ្នាំ២០១៤

    BY autoadmin March 15, 2022
    ប្រទេសអូស្ត្រាលី និងហូឡង់ កំពុងចាត់វិធានការតាមផ្លូវច្បាប់រួមគ្នាប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញកាលពីឆ្នាំ២០១៤

    រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងប្រទេសហូឡង់ បានរាយការណ៍ថា ពួកគេកំពុងចាត់វិធានការតាមផ្លូវច្បាប់រួមគ្នា ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ (Malaysian Airlines) ដែលបានកើតឡើងកាលពី ៨ ឆ្នាំមុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ គួររំលឹកដែរផងថា យន្តហោះ MH17 បានហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយយន្ដហោះដែលមានផ្ទុកអ្នកដំណើរ និងអាកាសយានិកសរុបចំនួន ២៩៨ នាក់មួយនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ពីដីទៅអាកាស ដែលប្រទេសរុស្ស៊ីផ្គត់ផ្គង់ទៅឱ្យក្រុមបំបែកខ្លួននៅក្នុងតំបន់មានជម្លោះ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។

    ប្រទេសអូស្ត្រាលី និងប្រទេសហូឡង់ បាននិយាយថា មីស៊ីលដែលបានវាយប្រហារយន្ដហោះ MH17 ត្រូវបានបញ្ជូនមកឱ្យក្រុមបំបែកខ្លួននៅតំបន់ Donbas អមដំណើរដោយយោធារុស្ស៊ី ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីយន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់រួច។ ជនរងគ្រោះដែលបានស្លាប់ទាំង ២៩៨ នាក់ ក្នុងនោះរួមមាន៖ ៣៨ នាក់ គឺជាពលរដ្ឋអូស្ត្រាលី និង ១៩៦ នាក់ គឺជាពលរដ្ឋហូឡង់។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធក្នុងការទម្លាក់យន្តហោះ MH17 នោះទេ ខណៈសង្គ្រាម​ដែល​កំពុង​កើត​ឡើង​លើ​ប្រទេសអ៊ុយក្រែន ក៏ជា​ហេតុផល​មួយ​ផ្សេង​ទៀត​ ដើម្បី​ឱ្យប្រទេស​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: