ស្ថានទូតចិនបានបដិសេធការអះអាងរបស់អាមេរិកដែលថា រុស្ស៊ីបានស្វែងរកជំនួយពីប្រទេសខ្លួន នៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន
- BY
- autoadmin
- March 15, 2022
ប្រទេសចិននៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ បានបដិសេធការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានស្វែងរកជំនួយផ្នែកយោធា សម្រាប់ការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការផ្សព្វផ្សាយ «ព័ត៌មានមិនពិត» ដែលធ្វើឱ្យជម្លោះកាន់តែមានភាពតែតានតឹង។ ស្ថានទូតចិននៅទីក្រុងឡុងដ៍បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសចិនអំពីបញ្ហាអ៊ុយក្រែន»។ វាបានបន្ថែមថា៖«ប្រទេសចិនបាននិងកំពុងដើរតួនាទីស្ថាបនា នៅក្នុងការលើកកម្ពស់ទៅរកការចរចាសន្តិភាព»។

ស្ថានទូតចិនបានបន្ថែមថា៖«អាទិភាពកំពូលរបស់ចិននៅពេលនេះ គឺការបន្ធូរបន្ថយស្ថានការណ៍ ជំនួសឱ្យការបន្ថែមប្រេងទៅក្នុងភ្លើង ហើយធ្វើការដោះស្រាយការទូត ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង»។ គួរឱ្យដឹងដែរថា មន្ត្រីអាមេរិកជាច្រើននាក់បានចោទថា រុស្ស៊ីបានស្នើសុំសម្ភារបរិក្ខារយោធាពីប្រទេសចិន បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបង្កឱ្យមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ចំណែកវិមានក្រឹមឡាំងបានបដិសេធ ថាខ្លួនមិនមានសំណើបែបនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






