ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកកាសែតរបស់ Fox News ចំនួន ២នាក់ បានបាត់បង់ជីវិត នៅពេលកំពុងធ្វើដំណើរនៅខាងក្រៅរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន

    BY autoadmin March 16, 2022
    អ្នកកាសែតរបស់ Fox News ចំនួន ២នាក់ បានបាត់បង់ជីវិត នៅពេលកំពុងធ្វើដំណើរនៅខាងក្រៅរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន

    សារព័ត៌មាន Fox News បាននិយាយថា អ្នកកាសែតរបស់ខ្លួនចំនួន ២ នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសកាលពីថ្ងៃចន្ទ នៅពេលដែលពួកគេកំពុងធ្វើដំណើរនៅខាងក្រៅរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន។ បណ្តាញព័ត៌មានអាមេរិកមួយនេះ បាននិយាយថា អ្នកកាន់កាមេរ៉ាលោក Pierre Zakrzewski និងអ្នកកាសែតជនជាតិអ៊ុយក្រែន នាង Oleksandra Kuvshynova ត្រូវបានសម្លាប់ ហើយអ្នកយកព័ត៌មានលោក Benjamin Hall ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

    លោក Zakrzewski គឺជាអ្នកកាន់កាមេរ៉ា និងជាអ្នកកាសែត ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយគាត់បានរាយការណ៍ពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថាន។ លោកមានអាយុ ៥៥ឆ្នាំរូបនេះ បានធ្វើការនៅប្រទេសអ៊ុយក្រែនតាំងពីខែមុន។ ចំណែកនាង Kuvshynova អាយុ ២៤ឆ្នាំ បានបម្រើជាអ្នកប្រឹក្សាសម្រាប់បណ្តាញពត៌មាន Fox News នៅអ៊ុយក្រែន។

    នាយកប្រតិបត្តិនៃ Fox News Media លោកស្រី Suzanne Scott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ទេពកោសល្យរបស់គាត់គឺធំធេងណាស់ ហើយមិនមានតួនាទីដែលគាត់មិនបានចូលមកជួយនៅក្នុងវិស័យនេះទេ»។ លោកស្រីក៏បានបន្ថែមដែរថា កញ្ញា Kuvshynova គឺជាមនុស្ស «ឧស្សាហ៍ព្យាយាម កំប្លែង ចិត្តល្អ និងក្លាហាន។ ក្តីសុបិន្តរបស់នាងគឺចង់ភ្ជាប់មនុស្សជុំវិញពិភពលោក និងប្រាប់ពីរឿងរ៉ាវរបស់ពួកគេ ហើយនាងបានបំពេញវាតាមរយៈសារព័ត៌មានរបស់នាង»៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: