អាជ្ញាធររុស្ស៊ីបានបណ្តេញមន្ត្រីម្នាក់ចេញពីតួនាទី បន្ទាប់ពីគាត់បានប្រកាសជាសាធារណៈថា ប្រទេសចិនមិនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះមកឱ្យប្រទេសខ្លួន
- BY
- autoadmin
- March 16, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបណ្តេញមន្ត្រីម្នាក់ចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីមន្ត្រីរូបនោះបានលាតត្រដាងកាលពីសប្តាហ៍មុនថា ប្រទេសចិនបានបដិសេធមិនព្រមផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ មកឱ្យក្រុមហ៊ុនអាកាសចរណ៍របស់រុស្ស៊ី ក្រោយការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចមកលើប្រទេសរុស្ស៊ី។ ប្រភពបាននិយាយថា ភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រុស្សី (Rosaviatsia) លោក Valery Kudinov បាននិយាយថា រុស្ស៊ីកំពុងពិភាក្សាគ្នាលើការទិញគ្រឿងបន្លាស់ពីបរទេស រួមទាំងប្រទេសទួរគី និងឥណ្ឌា បន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្គត់ផ្គង់ពីប្រទេសចិន។ លោក Kudinov ក៏ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោក ទាក់ទងនឹងការបដិសេធរបស់ប្រទេសចិន។

សារព័ត៌មានរបស់រុស្ស៊ីបានឱ្យដឹងថា លោក Valery Kudinov ត្រូវបានបណ្តេញចេញសម្រាប់ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់គាត់ ដែលជាការបំពានច្បាប់សហព័ន្ធ ទៅលើរបៀបដែលមន្ត្រីរាជការមិនអាចរាយការណ៍រឿងផ្ទៃក្នុងឡើយ។ ប៉ុន្តែយ៉ាងណា Rosaviatsia បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះការអះអាងខាងលើ។ ជារួមគឺ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន កំពុងធ្វើឱ្យមានភាពតានតឹងក្នុងវិស័យអាកាសចរណ៍រុស្ស៊ី។ ការដាក់ទណ្ឌកម្មបានធ្វើឱ្យប្រទេសរុស្ស៊ី បាត់បង់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ពីបរទេស ខណៈក្រុមហ៊ុនផលិតយន្តហោះអន្តរជាតិធំៗដូចជា Boeing និង Airbus បានបញ្ឈប់ការផ្គត់ផ្គង់គ្រឿងបន្លាស់របស់ពួកគេមកឱ្យអាកាសចរណ៍រុស្ស៊ី។ សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានបិទដែនអាកាសរបស់ខ្លួនពីការចេញចូលរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






