នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល 3ថ្ងៃ ទៅកាន់ប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃសៅរ៍នេះ
- BY
- autoadmin
- March 18, 2022
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃសៅរ៍នេះ។ លោកត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំនៃប្រទេសទាំង ២ ក្នុងការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានឱ្យដឹងកាលពីថ្ងៃសុក្រថា លោក Kishida នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះ។ លោក Matsuno បាននិយាយថា លោក Kishida នឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Modi ។ ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងឥណ្ឌា។

លោក Kishida ក៏គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្រោមក្របខណ្ឌ Quad ដែលរួមមាន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏ដូចជាប្រទេសជប៉ុន និងឥណ្ឌាផងដែរ។ លោក Matsuno បានកត់សម្គាល់ថា ប្រទេសកម្ពុជាគឺជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ដូច្នេះលោក Kishida គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ លោក Matsuno បាននិយាយថា លោក Kishida ក៏គ្រោងនឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយសមភាគីឥណ្ឌា និងកម្ពុជាផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






