អន្តរជាតិ

អាមេរិកនិយាយថា រុស្ស៊ីបានបាញ់មីស៊ីលច្រើនជាង ១,០៨០ គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ពួកគេលើអ៊ុយក្រែន

BY
autoadmin
March 19, 2022

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃសុក្របានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលច្រើនជាង ១,០៨០ គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ពួកគេលើអ៊ុយក្រែន។ មន្ត្រីអាមេរិកបាននិយាយថា ខណៈដែលរបាយការណ៍នៃការវាយប្រហារ «ហាក់ដូចជាមានភាពសុក្រឹត» មិនមានព័ត៌មានលម្អិតបន្ថែមអំពីប្រភពដើមនៃអាវុធនោះទេ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃសុក្រ អភិបាលក្រុង Lviv ភាគខាងលិចបាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដែលបណ្តាលឱ្យមនុស្សម្នាក់រងរបួស។

ចំណែកនៅកន្លែងផ្សេងទៀត ក៏មានការរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាដោយកងកម្លាំងរុស្ស៊ី នៅឯតំបន់ដាច់ស្រយ៉ាល Mariupol បើទោះបីជាជនជាតិអ៊ុយក្រែនកំពុងការពារទីក្រុងនោះយ៉ាងស្វិតស្វាញក៏ដោយ។ មន្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ថា ការ​ឈាន​ទៅ​មុខ​របស់​រុស្សី​ឆ្ពោះ​ទៅ​កាន់​ក្រុង​គៀវ​នៅ​តែ​ជាប់គាំង ដោយសារនៅទីនោះមាន​ការ​តស៊ូ​ដ៏​រឹង​មាំ។ មន្ត្រី​នោះ​បាន​និយាយ​ថា ក្រុមវាយប្រហារតាមអាកាសរបស់រុស្ស៊ីក៏មិន​អាច​គ្រប់គ្រង​ដែនអាកាស​នៅទីនោះបានដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: