ប្រទេសស្រីលង្កាផ្អាកការប្រឡងរបស់សិស្សរាប់លាននាក់ ដោយសារកង្វះខាតក្រដាសសរសេរ ខណៈរដ្ឋកំពុងប្រឈមវិបត្តិហិរញ្ញវត្ថុមិនអាចទិញក្រដាសមកផ្គត់ផ្គង់បាន
- BY
- autoadmin
- March 21, 2022
ប្រទេសស្រីលង្កាផ្អាកការប្រឡងសម្រាប់សិស្សរាប់លាននាក់ បន្ទាប់ពីកង្វះខាតក្រដាសបោះពុម្ព ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨។ ក្រសួងអប់រំកាលពីថ្ងៃសៅរ៍បាននិយាយថា ការប្រឡងឆមាសដែលមានរយៈពេល ១ សប្តាហ៍ ដែលនឹងចាប់ផ្ដើមពីថ្ងៃច័ន្ទនេះតទៅ ត្រូវបានពន្យារពេលដោយគ្មានពេលវេលាកំណត់ជាក់លាក់ ដោយសារតែកង្វះខាតក្រដាសធ្ងន់ធ្ងរ ហើយរដ្ឋធានី Colombo កំពុងខ្វះខាតថវិកា សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលក្រដាស។ ប្រភពផ្លូវការបាននិយាយថា បញ្ហានេះអាចធ្វើឱ្យការប្រឡងឆមាស សម្រាប់សិស្សប្រហែល ២ ភាគ ៣ នៃសិស្សសរុបចំនួន ៤.៥ លាននាក់ របស់ប្រទេសត្រូវបានរំខាន។

ការប្រឡងឆមាសគឺជាផ្នែកនៃដំណើរការវាយតម្លៃនៃការសិក្សា ដើម្បីសម្រេចថា តើសិស្សអាចត្រូវបានឡើងថ្នាក់ដែរឬទេ នៅចុងឆ្នាំសិក្សារបស់ពួកគេ។ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកំពុងធ្លាក់ចុះ វានាំឱ្យមានកង្វះទុនបម្រុង សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលសំខាន់ៗ ហើយប្រទេសក៏បានមើលឃើញពីកង្វះខាតអាហារ ប្រេងឥន្ធនៈ អគ្គីសនី និងឱសថជាដើម។ ប្រទេសអាស៊ីខាងត្បូងមួយនេះបាននិយាយថា ខ្លួននឹងស្វែងរកមូលនិធិសង្គ្រោះរបស់ IMF ដើម្បីដោះស្រាយវិបត្តិបំណុលបរទេស ដែលកាន់តែអាក្រក់របស់ខ្លួន និងបង្កើនទុនបម្រុងខាងក្រៅ។ ជម្រាបដែរថា ប្រទេសស្រីលង្កាកាលពីដើមឆ្នាំនេះ ក៏បានស្នើសុំឱ្យប្រទេសចិន ដែលជាម្ចាស់បំណុលដ៏សំខាន់មួយរបស់ខ្លួន ឱ្យជួយបិទការសងបំណុល ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លូវការពីទីក្រុងប៉េកាំងនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post:






