អាជ្ញាធរបញ្ឈប់ការស្វែងរកសាកសពជនរងគ្រោះធ្លាក់យន្តហោះ Lion Air ហើយផ្តល់សំណងអ្នកដំណើរម្នាក់ជាង១០ម៉ឺនដុល្លារ
យ៉ាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានបញ្ឈប់ការស្វែងរកសាកសពជនរងគ្រោះ ដោយសារការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានសម្លាប់មនុស្ស១៨៩នាក់នៅលើយន្តហោះ ប៉ុន្តែពួកគេនៅតែបន្តស្វែងរកប្រអប់ខ្មៅទីពីរ ដែលជាអ្នកថតសំលេងរបស់យន្ដហោះ។ ថង់បំណែកសាកសពជនរងគ្រោះចំនួន ១៩៦ ត្រូវបានរកឃើញក្រោមទឹក ដែលក្នុងនោះជនរងគ្រោះ ៧៩នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយប្រគល់ទៅឱ្យក្រុមគ្រួសាររបស់ពួកគេដើម្បីបញ្ចុះ។
បើតាមប្រសាសន៍លោក Muhammad Syaugi ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃសៅរ៍ថា “ចាប់តាំងពីរសៀលថ្ងៃអាទិត្យរហូតដល់ថ្ងៃនេះយើងមិនបានរកឃើញជនរងគ្រោះណាមួយទៀតទេហើយដូច្នេះខ្ញុំប្រកាសថាប្រតិបត្តិការរុករក និងជួយសង្គ្រោះបានចប់ហើយ” “យើងសូមទោសចំពោះសាធារណជនជាពិសេសក្រុមគ្រួសារជនរងគ្រោះ ប្រសិនបើក្នុងកំឡុងពេលប្រតិបត្តិការយើងមិនអាចបំពេញចិត្តអ្នកគ្រប់គ្នាបាន”។
យ៉ាងណាមិញក្រុមហ៊ុន Lion Air បានផ្តល់សំណងប្រាក់ចំនួន ១០២,០៥៨ដុល្លារសម្រាប់អ្នកដំណើរម្នាក់ៗទៅដល់គ្រួសារពួកគេ។ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅដែលជាប្រអប់កត់ត្រាទិន្នន័យហោះហើរហើយ តែពួកគេនៅតែកំពុងតាមរុករកប្រអប់ខ្មៅថតសម្លេងអ្នកបើកយន្តហោះដែលជាប្រអប់ដែលបានកត់ត្រាការសន្ទនាចុងក្រោយរវាងអ្នកបើកយន្តហោះមុនពេលធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia