ទីបំផុតប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមជួបទល់មុខគ្នាជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូដេមៀ ហ្សាលិនស្គី ប៉ុន្តែមិនទាន់កំណត់ពេលវេលានៅឡើយទេ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេឱ្យដឹងថា ទីបំផុតលោកបានយល់ព្រមជួបជាមួយ លោក វ៉ូដេមៀ ហ្សាលិនស្គី (Volodymyr Zelenskyy) របស់អ៊ុយក្រែនជាលើកដំបូងបំផុត ចាប់តាំងពីយោធារុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ លោក ហ្សាលិនស្គី បានបញ្ជាក់យ៉ាងច្បាស់ពីបំណងប្រាថ្នារបស់គាត់ សម្រាប់កិច្ចប្រជុំជាមួយលោក ពូទីន ហើយបានពណ៌នាការសន្ទនារវាងអ្នកទាំងពីរថា «នឹងក្លាយជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងរង់ចាំ» ខណៈដែលកន្លងមកលោក ពូទីន គឺតែងតែធ្វើការបដិសេធ មិនព្រមជួបតទល់គ្នានោះឡើយ។

នៅក្នុងវីដេអូដែលបានបង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា លោក ហ្សាលិនស្គី បានអះអាងថា ការពិភាក្សារវាងមេដឹកនាំទាំងពីរគឺជា «ឱកាសតែមួយគត់សម្រាប់រុស្ស៊ីក្នុងការកាត់បន្ថយការខូចខាត ដែលកើតឡើងដោយសារកំហុសរបស់ពួកគេ»។ លោក ហ្សាលិនស្គី បន្ថែមថា៖«នេះគឺជាពេលវេលាដើម្បីជួបពិភាក្សាគ្នា។ ពេលវេលាសម្រាប់ការបន្តបូរណភាពទឹកដី និងយុត្តិធម៌សម្រាប់អ៊ុយក្រែន។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាស្តាប់ឮ ជាពិសេសនៅទីក្រុងម៉ូស្គូ។ បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងមានបែបនេះ ដែលនឹងមិនអាចធូរស្បើយរាប់ជំនាន់»។ យ៉ាងណាក៏ដោយ ចំពោះការកំណត់ពេលវេលាជួបមុខគ្នារវាងអ្នកទាំង ២ គឺនៅមិនទាន់កំណត់នៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail