លោក ស៊ី ជីនពីង បានបញ្ជាឱ្យមានបេសកកម្មស្វែងរក និងជួយសង្គ្រោះឱ្យអស់ពីសមត្ថភាព បន្ទាប់ពីយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern Airlines បានធ្លាក់កាលពីម្សិលមិញ
- BY
- autoadmin
- March 22, 2022
រដ្ឋាភិបាលចិនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់កំពុងដំណើរការ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅភាគខាងត្បូងរបស់ប្រទេសចិន ជាមួយនឹងអ្នកដំណើរទាំអស់ ១៣២ នាក់ នៅលើយន្តហោះ។ យ៉ាងណារហូតមកទល់ពេលនេះ ព័ត៌មានលម្អិតអំពីគ្រោះមហន្តរាយ រួមទាំងចំនួនអ្នកស្លាប់ និងរបួស មិនត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។ អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិន បាននិយាយថា យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានហោះចេញពីទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ឆ្ពោះទៅទីក្រុង Guangzhou ក្នុងខេត្ត Guangdong ប៉ុន្តែបានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅថ្ងៃដដែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយថា គ្មានជនបរទេសណាម្នាក់នៅលើយន្តហោះនោះទេ ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យមានបេសកកម្មស្វែងរក និងជួយសង្គ្រោះឱ្យអស់ពីសមត្ថភាព និងការដោះស្រាយឱ្យបានត្រឹមត្រូវបំផុត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ឧបនាយករដ្ឋមន្ត្រី Liu He ក៏បានទៅដល់កន្លែងកើតហេតុកាលពីល្ងាចថ្ងៃចន្ទ ហើយកងកម្លាំងយោធាត្រូវបានដាក់ពង្រាយ សម្រាប់បេសកកម្មជួយសង្គ្រោះទាំងអស់។ អ្វីដែលទំនងជាបំណែកយន្តហោះ ក៏ត្រូវបានគេរកឃើញផងដែរ ប៉ុន្តែចំនួនអ្នកស្លាប់នៅមិនទាន់អាចដឹងបាននៅឡើយទេ។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ឥឡូវនេះបានផ្អាកយន្តហោះម៉ូដែល Boeing 737-800 ទាំងអស់របស់ខ្លួន ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរ នៅតាមអាកាសយានដ្ឋានទូទាំងប្រទេស៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






