ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ចំពោះការបន្ដទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
- BY
- autoadmin
- March 22, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនជាអាហារ និងភេសជ្ជៈដ៏ធំរបស់ប្រទេសស្វីស ចំពោះការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាក្រុមហ៊ុននេះ បានដឹងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនលោកក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ លោកប្រធានាធិបតី Zelensky បានថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជនស្វីសកាលពីថ្ងៃសៅរ៍ថា៖«អាហារល្អ ជីវិតល្អ។ នេះជាពាក្យស្លោករបស់ Nestlé។ ពាក្យស្លោករបស់ក្រុមហ៊ុន ដែលបដិសេធមិនចាកចេញពីប្រទេសរុស្ស៊ី»។

លោកបានបន្ថែមថា៖«សូម្បីតែឥឡូវនេះ — នៅពេលដែលមានការគំរាមកំហែងពីរុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។ មិនមែនត្រឹមតែចំពោះយើង [អ៊ុយក្រែន] ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Nestlé ដែលជាអ្នកផលិតនំ KitKat, អាហារទារក Gerber និងការ៉េម Dreyer មួយនេះ បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី»។ ជម្រាបដែរថា គិតមកទល់ពេលនេះ មានសាជីវកម្មបរទេសប្រមាណជា ៤០០ បានបិទទ្វាររបស់ខ្លួននៅប្រទេសរុស្ស៊ី ចាប់តាំងពីលោក ពូទីន បានបើកការឈ្លានពានមកលើអ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nestlé បានអះអាងថា ក្រុមហ៊ុនបានកាត់បន្ថយសកម្មភាពជាច្រើន រួមទាំងផ្អាកការនាំចេញ និងការនាំចូលនៅក្នុងប្រទេសរុស្ស៊ី លើកលែងតែផលិតផលសំខាន់ៗប៉ុណ្ណោះ។
Nestlé បាននិយាយថា ខ្លួនលែងវិនិយោគ ឬផ្សព្វផ្សាយផលិតផល ហើយក៏មិនបានទទួលផលចំណេញ ចំពោះសកម្មភាពដែលនៅសេសសល់នោះដែរ។ ក្រុមហ៊ុនបន្ថែមថា ទោះបីជាក្រុមហ៊ុនបានផ្គត់ផ្គង់អាហារសំខាន់ៗដល់ប្រជាជន ប៉ុន្តែមិនមានន័យថា ក្រុមហ៊ុនបន្ដអាជីវកម្មដូចពីមុននោះទេ។ ក្រុមហ៊ុននៅបន្ដអាជីវកម្មមួយចំនួនតូចនៅប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ហើយខ្លួនក៏បានជួយផ្គត់ផ្គង់អាហារនៅទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី២ របស់អ៊ុយក្រែនផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






