ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មមួយ ដែលមានពលរដ្ឋ ៩លាននាក់ ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង
- BY
- autoadmin
- March 23, 2022
ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មរបស់ខ្លួនមួយ ដែលមានប្រជាជនចំនួន ៩ លាននាក់ ពេញមួយយប់ ហើយបានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ៤,០០០ ករណី កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ខណៈយុទ្ធសាស្ត្រ «zero-COVID» របស់ប្រទេសនេះ កំពុងរងសម្ពាធដោយសាររលកឆ្លងនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ អាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤,៧៧០ ករណី នៅទូទាំងប្រទេសកាលពីម្សិលមិញ ដែលភាគច្រើនរកឃើញនៅក្នុងខេត្ត Jilin ខណៈដែលទីក្រុង Shenyang ក្នុងខេត្ត Liaoning ដែលនៅជិតខាង ត្រូវបានបញ្ជាឱ្យមានការបិទទ្វារកាលពីល្ងាចថ្ងៃចន្ទ។ ប្រទេសចិន ក៏បានរាយការណ៍ពីការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាការស្លាប់លើកដំបូងបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ។

អាជ្ញាធរក៏បានព្រមានអំពីហានិភ័យដោយសារការបិទទ្វារទីក្រុង ខណៈដែលប្រទេសនេះខិតខំធ្វើឱ្យមានតុល្យភាពរវាងវិបត្តិសុខភាព ជាមួយនឹងតម្រូវការនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ទីក្រុង Shenyang ដែលជាតំបន់ឧស្សាហកម្មធំបំផុតមួយ និងជាមូលដ្ឋាននៃក្រុមហ៊ុនជាច្រើន រួមមានទាំងក្រុមហ៊ុនផលិតរថយន្ត BMW បានរាយការណ៍ពីករណី COVID-19 ថ្មីចំនួន ៤៧ ករណី កាលពីថ្ងៃអង្គារ ខណៈដែលអាជ្ញាធរបានដាក់បរិវេណលំនៅដ្ឋានទាំងអស់នៅក្រោម «ការគ្រប់គ្រងបិទខ្ទប់» និងបានរារាំងអ្នកស្រុកពីការចាកចេញក្រៅ ដោយគ្មានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើសេដ្ឋកិច្ចរបស់ប្រទេសចិន ប៉ុន្តែក៏បានជំរុញឱ្យមន្ត្រីប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត zero-COVID បច្ចុប្បន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






