សហរដ្ឋអាមេរិក និងអង្គការណាតូ ជឿជាក់ថា ប្រទេសបេឡារុស្សនឹងចូលដៃជាមួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឆាប់ៗនេះ
- BY
- autoadmin
- March 23, 2022
សហរដ្ឋអាមេរិក និងអង្គការណាតូ ជឿជាក់ថា ប្រទេសបេឡារុស្ស អាចនឹងចូលរួមជាមួយនឹងប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ មន្ត្រីយោធាណាតូម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទថា វាពិតជាទំនងដែលថា បេឡារុស្សនឹងចូលដៃទៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយប្រទេសនេះ ក៏ចាប់ផ្ដើមមានសកម្មភាពជាបណ្ដើរៗហើយដែរ។ មន្ត្រីរូបនោះបានពន្យល់ថា “លោក ពូទីន ត្រូវការការគាំទ្រ។ គ្រប់យ៉ាងដែលអាចទៅបាន»។ បើតាមប្រភពបក្សប្រឆាំងនៅបេឡារុស្សបានឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់ប្រទេសបេឡារុស្សកំពុងត្រៀមខ្លួនទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃទៀត ហើយកម្លាំងយោធាបេឡារុស្សរាប់ពាន់នាក់ ក៏ត្រៀមនឹងដាក់ពង្រាយនៅទីនោះផងដែរ។

មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ណាតូម្នាក់ទៀត បាននិយាយដោយឡែកថា រដ្ឋាភិបាលបេឡារុស្សកំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ គួរឱ្យដឹងផងដែរថា យោធារុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនមួយផ្នែកពីទឹកដីរបស់ប្រទេសបេឡារុស្ស ហើយកងទ័ពរុស្ស៊ីរាប់ពាន់នាក់ ក៏បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារុស្ស មុនពេលដែលវិមានក្រឹមឡាំងបញ្ជាឱ្យមានប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែមុន ហើយប្រទេសទាំង ២ បានអះអាងថា វាគ្រាន់តែជាសមយុទ្ធប៉ុណ្ណោះ។ ឆ្លើយតបនឹងសកម្មភាពនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មប្រឆាំងទាំងមន្ត្រីរុស្ស៊ី និងបេឡារុស្ស រួមទាំងប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ។
មន្ត្រីយោធាណាតូបាននិយាយថា ការសម្រេចចិត្តចុងក្រោយសម្រាប់ការចូលរួមរបស់បេឡារុស្សនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី គឺនឹងត្រូវធ្វើឡើងនៅទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនទាន់មានសញ្ញាណាមួយដែលថា កងកម្លាំងបេឡារុស្សចូលរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែននៅឡើយទេ។ មន្ត្រីរូបនោះបានពន្យល់ថា៖«វាមិនសំខាន់ថាលោក Lukashenko ចង់ចូលរួមនោះទេ។ សំណួរគឺថា តើលោក ពូទីន ចង់ឱ្យមានប្រទេសអស្ថិរភាពមួយផ្សេងទៀតនៅក្នុងតំបន់ទេ?»។ មន្ត្រីរូបនេះបាននិយាយថា៖«ការចូលរួមនឹងធ្វើឱ្យបេឡារុស្សមានអស្ថិរភាព»។ មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតអំពីរបៀបដែលបេឡារុស្សអាចធ្វើអន្តរាគមន៍ក្នុងសង្គ្រាមនោះទេ ប៉ុន្តែបាននិយាយថា វាសមហេតុផលសម្រាប់រុស្ស៊ីក្នុងការព្យាយាម និងកាត់ផ្តាច់ជំនួយយោធារបស់ណាតូ ដែលចូលមកក្នុងអ៊ុយក្រែនពីព្រំដែនខាងលិចរបស់ខ្លួន៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






