អ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់រុស្ស៊ីម្នាក់បានលាលែងពីតំណែង ដោយសារអង្គភាពដែលគាត់បានបម្រើការ គឺនិយាយតែពីលោក វ្ល៉ាឌីមៀ ពូទីន
- BY
- autoadmin
- March 23, 2022
អ្នកកាសែត និងជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់រុស្ស៊ីម្នាក់ បានលាលែងពីតំណែងរបស់ខ្លួន ដោយសារអង្គភាពដែលគាត់បានបម្រើការ គឺជាអង្គភាពដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី។ អ្នកស្រី Zhanna Agalakova បានធ្វើការជាអ្នកអានព័ត៌មាននៅទូរទស្សន៍ Channel One របស់រុស្ស៊ី ហើយគាត់ក៏ជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀតផងដែរ។ អ្នកស្រីបានបង្ហោះដំណឹងលាលែងពីតំណែងជាលើកដំបូងនៅលើបណ្ដាញសង្គម នៅថ្ងៃទី១៧ ខែមីនា ហើយគាត់ក៏បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ដែលរៀបចំដោយក្រុមសេរីភាពសារព័ត៌មានអន្តរជាតិ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)។

អ្នកស្រីបាននិយាយថា ព័ត៌មាននៅប៉ុស្ដិ៍ Channel One និយាយតែពីបុរសទីមួយនៃប្រទេសរុស្ស៊ី គឺប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងជំនួយការរបស់គាត់ប៉ុណ្ណោះ។ អ្នកស្រី Agalakova បាននិយាយថា អ្នកស្រីអាចលាលែងពីតំណែងបាន ដោយសារតែគាត់មានសេរីភាព និងទទួលបានការការពារនៅក្នុងប្រទេសបារាំង។ ប៉ុន្តែអ្នកស្រីបានកត់សម្គាល់ថា សហសេវិករបស់គាត់នៅក្នុងប្រទេសរុស្ស៊ីមានគ្រួសាររបស់ពួកគេ ហើយកំពុងជាប់ជាចំណាប់ខ្មាំងដោយសារស្ថានភាពបច្ចុប្បន្ន ដោយបានបន្ថែមថា វាមិនងាយស្រួលសម្រាប់ពួកគេក្នុងការតវ៉ានោះទេ។ អ្នកស្រីក៏បាននិយាយពីអាជីពពីមុនរបស់គាត់ ដោយទទួលស្គាល់ថា គាត់បានប្រឈមនឹងហានិភ័យជាច្រើន។ ជាមួយគ្នានេះដែរ អ្នកស្រី Agalakova បានជំរុញប្រជាជននៃប្រទេសរុស្ស៊ីឱ្យស្វែងរកប្រភពនៃព័ត៌មានផ្សេងទៀត ហើយរៀនពីអ្វីដែលហៅថាជាប៉ុស្ដិ៍នយោបាយ ហើយឈប់ឱ្យគេបំភាន់ភ្នែកបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






