និពន្ធនាយករបស់កាសែតរុស្ស៊ីមួយរូប ដាក់ដេញថ្លៃមេដាយរង្វាន់ណូបែលរបស់ខ្លួន ដើម្បីរៃអង្គាសថវិកាសម្រាប់បរិច្ចាគជួយជនភៀសខ្លួនអ៊ុយក្រែន
- BY
- autoadmin
- March 23, 2022
អ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បាននិយាយថា លោកចង់រៃអង្គាសថវិកាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ដោយការដាក់ដេញថ្លៃមេដាយរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ របស់គាត់ (2021 Nobel Peace Prize medal) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លោក Dmitry Muratov ដែលជានិពន្ធនាយកនៃកាសែត Novaya Gazeta បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងការបោះពុម្ពលើបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃអង្គារ ហើយសេចក្តីថ្លែងការណ៍មួយនោះ ត្រូវបានចេញជា ៣ ភាសាគឺ រុស្ស៊ី អង់គ្លេស និងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖«តើអ្វីដែលយើងអាចធ្វើបាន៖ ដើម្បីចែករំលែកជាមួយជនភៀសខ្លួន អ្នករបួស និងកុមារ ដែលត្រូវការការព្យាបាលជាបន្ទាន់។ អ្វីដែលជាទីស្រឡាញ់របស់អ្នក និងមានតម្លៃសម្រាប់អ្នកដទៃ»។ លោក Muratov បន្ថែមថា គិតមកទល់ពេលនេះ មានជនភៀសខ្លួនប្រមាណជា ១០ លាននាក់ រួចទៅហើយ ដូច្នេះកាសែត Novaya Gazeta និងរូបលោកផ្ទាល់ បានសម្រេចចិត្តបរិច្ចាគមេដាយរង្វាន់ណូបែលសន្តិភាពនេះ ទៅដល់មូលនិធិជនភៀសខ្លួនអ៊ុយក្រែន ហើយអំពាវនាវឱ្យមានការដេញថ្លៃឱ្យបានឆាប់រហ័ស។ លោក Muratov បន្ដប្រកាន់ជំហររិះគន់រដ្ឋាភិបាលរុស្ស៊ី ហើយលោកបានជំរុញប្រជាជនរុស្ស៊ីឱ្យបញ្ចេញសំឡេងប្រឆាំង ចំពោះការចូលឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






