អន្តរជាតិ

ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុម័តឱ្យមានការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន សម្រាប់កុមារអាយុក្រោម ៦ឆ្នាំ

BY
autoadmin
March 24, 2022

ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងស្នើទៅនិយតករនានាឱ្យផ្តល់សិទ្ធិឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ចំពោះកុមារអាយុក្រោម ៦ឆ្នាំ ដោយផ្អែកលើទិន្នន័យ ដែលបានបង្ហាញថា វាបានបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដូចគ្នានឹងមនុស្សពេញវ័យ នៅក្នុងការសាកល្បងព្យាបាលរបស់ខ្លួន។ ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង គឺជាប្រភេទលេចធ្លោជាងគេ នៅពេល Moderna កំពុងធ្វើការសាកល្បងវ៉ាក់សាំងលើកុមារ ហើយអ្នកផលិតថ្នាំបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៣៨% ក្នុងមួយដូស ក្នុងការការពារការឆ្លងជំងឺ COVID-19 ចំពោះកុមារអាយុពី ២ ទៅ ៥ ឆ្នាំ និង ៤៤% សម្រាប់កុមារអាយុពី ៦ខែ ដល់ក្រោម ២ឆ្នាំ។

វាបាននិយាយថា តួលេខទាំងនេះគឺស្របជាមួយនឹងប្រសិទ្ធភាពប្រឆាំងនឹង អូមីក្រុង ដែលត្រូវបានគេឃើញនៅក្នុងមនុស្សពេញវ័យ ដែលបានទទួលវ៉ាក់សាំង Moderna ចំនួន ២ ដូស។ វ៉ាក់សាំងរបស់ Moderna អាចជាការចាក់វ៉ាក់សាំងដំបូងបង្អស់ សម្រាប់កុមារដែលមានអាយុក្រោម ៥ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក ហើយឪពុកម្តាយជាច្រើនក៏កំពុងរង់ចាំវ៉ាក់សាំងឱ្យកូនតូចៗរបស់ពួកគេ។ រំលឹកដែរថា វ៉ាក់សាំងរបស់ Pfizer និង BioNTech របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះកុមារចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ ប៉ុន្តែលទ្ធផលនៃការសាកល្បងរបស់ពួកគេសម្រាប់ក្មេងអាយុពី ២ ទៅ ៤ ឆ្នាំ បានបង្ហាញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្សោយជាងចំពោះមនុស្សពេញវ័យ ដោយបង្ខំឱ្យការសាកល្បងត្រូវធ្វើបន្តទៀត ដើម្បីធ្វើតេស្តលើដូសទី៣ ហើយលទ្ធផលរំពឹងនឹងប្រកាសនៅក្នុងខែមេសា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: