អន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ ក្រោយចេញពីពន្ធនាគារបាន៣ខែ

BY
autoadmin
March 24, 2022

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍នេះផ្ទាល់ ក្រោយរយៈពេល ៣ខែ បន្ទាប់ពីលោកស្រីត្រូវបានដោះលែងពីពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ រំលឹកផងដែរថា អតីតប្រធានាធិបតីដែលមានអាយុ ៧០ ឆ្នាំរូបនេះ បានចំណាយពេលជិត ៥ឆ្នាំ នៅក្នុងពន្ធនាគារ ក្រោយរូបគាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធទាក់ទងនឹងអំពើពុករលួយ ដែលសូម្បីតែប្រធានក្រុមហ៊ុន Samsung និង Lotte ក៏ជាប់ពន្ធនាគារដូចគ្នាផងដែរ។ លោកស្រី Park បានក្លាយជាមេដឹកនាំបក្សប្រជាធិបតេយ្យដំបូងគេបង្អស់ដែលត្រូវបានដកហូតតំណែង នៅពេលដែលតុលាការធម្មនុញ្ញ បានអនុម័តឱ្យមានការបោះឆ្នោតទម្លាក់រូបគាត់នៅក្នុងឆ្នាំ២០១៧។

លោកស្រី Park Geun-hye បានប្រាប់ទៅអ្នកគាំទ្ររាប់រយនាក់ នៅពេលដែលគាត់បានទៅដល់ផ្ទះរបស់គាត់ នៅឯទីក្រុង Daegu ថា៖«ក្នុងនាមជាប្រធានាធិបតី ខ្ញុំបានព្យាយាមប្រឹងប្រែងដើម្បីប្រទេស និងប្រជាជន ប៉ុន្តែមានក្តីសុបិនជាច្រើនដែលខ្ញុំមិនអាចសម្រេចបាន»។ លោកស្រី Park បានបន្ដថា៖«ប៉ុន្តែក្តីសុបិន្តទាំងនោះ គឺជាភារកិច្ចសម្រាប់អ្នកដទៃ» ដោយបង្ហាញសញ្ញាថា គាត់មិនមានចេតនាវិលត្រឡប់ចូលផ្នែកនយោបាយទៀតនោះទេ។ លោកស្រីថា៖«ខ្ញុំនឹងផ្តល់ការគាំទ្រដើម្បីឱ្យអ្នកដែលមានទេពកោសល្យ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្ញុំ គឺក្រុង Daegu និងប្រទេសជាតិនេះ»។ ចំណែកការិយាល័យរបស់ប្រធានាធិបតី Moon Jae-in បាននិយាយថា លោក Moon បានផ្ញើផ្កាអ័រគីដេទៅលោកស្រី Park ហើយក៏បានជូនពរគាត់ឱ្យមានសុខភាពល្អផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: