ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការតវ៉ាជាសកល នៅចំថ្ងៃគម្រប់ខួប ១ខែ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការតវ៉ាជាសកល ដើម្បីប្រារព្ធខួប ១ខែ ចាប់តាំងពីយោធារុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ នៅក្នុងវីដេអូថ្មីចុងក្រោយបង្អស់របស់គាត់ លោក Zelensky បានធ្វើការអង្វរទៅមនុស្សជុំវិញពិភពលោក ឱ្យចេញមកតាមដងផ្លូវនៅថ្ងៃព្រហស្បតិ៍ ហើយបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន។ គាត់បាននិយាយថា៖«មកពីការិយាល័យរបស់អ្នក ផ្ទះរបស់អ្នក សាលារៀន និងសាកលវិទ្យាល័យរបស់អ្នក មកក្នុងនាមសន្តិភាព មកជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន គាំទ្រសេរីភាព គាំទ្រជីវិត»។

លោក Zelensky បាននិយាយថា រុស្ស៊ីមិនត្រឹមតែធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែននោះទេ ប៉ុន្តែប្រឆាំងនឹងសេរីភាពរបស់ប្រជាជននៅគ្រប់ទីកន្លែង។ សុន្ទរកថារបស់លោក Zelensky បានកើតឡើងប៉ុន្មានម៉ោង នៅមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលប្រទេសលោកខាងលិចត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបញ្ជូនកម្លាំងបន្ថែម ទៅកាន់អឺរ៉ុបកណ្តាល និងខាងកើត ដើម្បីពង្រឹងការការពារក្នុងតំបន់ទាំងនោះ។ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏នឹងចូលរួមកិច្ចប្រជុំនោះផងដែរ នៅចំថ្ងៃគម្រប់ ១ខែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម៕

អត្ថបទ៖ លីដា
ប្រភព៖ Standard