ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យ ជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17
- BY
- autoadmin
- March 25, 2022
ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មី Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាច ដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានរាយការណ៍ថា មីស៊ីលនេះត្រូវបានបាញ់នៅចំពោះមុខមេដឹកនាំប្រទេសគឺលោក Kim Jong Un ហើយវាជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបានប្រកាស ពីការបាញ់មីស៊ីលប្រភេទ Hwasong-17 ។ កាសែតនេះនិយាយថា វាត្រូវបានបាញ់តាមការណែនាំរបស់លោក Kim ចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Sunan ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃព្រហស្បតិ៍។

មីស៊ីល Hwasong-17 បានហោះលើគន្លងដែលគេហៅថា lofted ដែលមានមុំបាញ់ខ្លាំងជាងធម្មតា។ មីស៊ីលបានផ្លោងដល់កម្ពស់ ៦,២៤៨.៥ គីឡូម៉ែត្រ ហើយបានធ្វើដំណើរបានចម្ងាយ ១,០៩០ គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល ៦៧ នាទី មុនពេលដែលវាបានវាយប្រហារគោលដៅយ៉ាងជាក់លាក់នៅក្នុងសមុទ្រ។ កាសែតបានដកស្រង់សម្តីលោក Kim ដោយនិយាយថា ប្រទេសនេះនឹងបន្តពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន ទាំងគុណភាព និងបរិមាណ ដើម្បីរៀបចំសម្រាប់ការប្រឈមមុខនឹងអ្វីដែលខ្លួនហៅថាចក្រពត្តិនិយមអាមេរិក។
មីស៊ីលត្រូវបានគេប៉ាន់ស្មានថា បានធ្លាក់ចូលសមុទ្រជប៉ុននៅរសៀលថ្ងៃព្រហស្បតិ៍ ហើយបានចូលទៅក្នុងសមុទ្រប្រហែល ១៥០ គីឡូម៉ែត្រ ភាគខាងលិចនៃឧបទ្វីប Oshima ពីខេត្តភាគខាងជើងបំផុតនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។ តំបន់នោះគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






