ទាហានរុស្ស៊ីកំពុងផ្តោតលើការវាយប្រហារនៅភាគអាគ្នេយ៍របស់អ៊ុយក្រែន ខណៈមិនអាចផ្ដួលរលំរដ្ឋធានីគៀវបាន
- BY
- autoadmin
- March 26, 2022
ទាហានរុស្ស៊ីបានចាប់ផ្តើមលុកលុយអ៊ុយក្រែនកាលពីមួយខែមុន ប៉ុន្តែការរីកចម្រើនរបស់ពួកគេបានធ្លាក់ចុះ នៅពេលដែលពួកគេប្រឈមមុខនឹងការតស៊ូរបស់ពលរដ្ឋអ៊ុយក្រែន។ ឥឡូវនេះ ទាហានរុស្ស៊ីអាចនឹងប្តូរទៅគោលដៅកំណត់បន្ថែមទៀត ខណៈបានបន្តឡោមព័ទ្ធទីក្រុង Mariupol ភាគអាគ្នេយ៍ ទោះបីជាកងទ័ពនៅក្នុងតំបន់ផ្សេងទៀតត្រូវបានដកថយក៏ដោយ។ លោក Sergei Rudskoy អនុប្រធានទី១ នៃអគ្គសេនាធិការយោធារុស្ស៊ី បាននិយាយថា ទោះបីជាមានការយឺតយ៉ាវក៏ដោយ ប៉ុន្តែការលុកលុយនឹងប្រព្រឹត្តទៅតាមផែនការ។ លោក Rudskoy បាននិយាយថា គោលបំណងសំខាន់នៃដំណាក់កាលដំបូងនៃប្រតិបត្តិការ គឺបានជោគជ័យ ហើយសក្ដានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។

គាត់បាននិយាយថា ទាហានរបស់គាត់នឹងផ្តោតលើការសម្រេចបាននូវអ្វីដែលគាត់ហៅថា «គោលដៅសំខាន់» នោះគឺជាការរំដោះតំបន់ Donbass នៅភាគអាគ្នេយ៍។ មន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា កងកម្លាំងកំពុងព្យាយាមធ្វើឱ្យភាគខាងកើតអ៊ុយក្រែននៅដាច់ពីគេ ដើម្បីជាយុទ្ធសាស្ត្រចរចាដ៏មានសក្តានុពល។ មន្ត្រីរូបនេះបាននិយាយថា ទាហានរុស្ស៊ីបានបញ្ឈប់ការខិតជិតរបស់ពួកគេទៅកាន់រដ្ឋធានី Kyiv ដោយសារមេបញ្ជាការរបស់ពួកគេ បានវាយតម្លៃលើសពីសមត្ថភាពរបស់ពួកគេក្នុងការដណ្តើមយកទីក្រុង Kyiv ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មេបញ្ជាការរុស្ស៊ីមិនដឹងថា ពួកគេកំពុងធ្វើអ្វីនោះទេ។ គាត់បាននិយាយថា វាជាថ្ងៃទី៣០ នៃការឈ្លានពាន ហើយប្រសិនបើរុស្ស៊ីដឹងពីអ្វីដែលអាចនឹងកើតឡើងនៅទីនេះ លោកប្រាកដចិត្តថា រុស្ស៊ីខ្លាចមិនហ៊ានមកនោះទេ។ លោកបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានទប់គ្រប់ទិសដៅសំខាន់ៗនៃការវាយប្រហាររបស់រុស្ស៊ី។ លោក Zelenskyy ក៏បានបន្ថែមថា មេដឹកនាំពិភពលោកបាននិងកំពុងឆ្លើយតបជាមួយនឹងទណ្ឌកម្ម «បំផ្លិចបំផ្លាញ» ប្រឆាំងនឹងរុស្ស៊ី ដែលកំពុងធ្វើឱ្យរុស្ស៊ីខាតបង់យ៉ាងច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






