លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់តែជានិមិត្តរូបនៃក្តីសង្ឃឹម ពេលនេះក្លាយជាអ្នកទោសអន្តរជាតិ និងត្រូវបានដកហូតពានរង្វាន់ទាំងអស់ ដោយសារ…
ប្រទេសភូមា៖ អង្គការអន្តរជាតិ Amnesty International បានដកចេញនូវពានរង្វាន់ «សិទិ្ធមនុស្ស ដែលមានកិត្យានុភាព» ពីលោកស្រី អ៊ុងសាន ស៊ូជី ( Aung San Suu Kyi) បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ថា ជាជនក្បត់យ៉ាងគួរឱ្យអាម៉ាស់ ដែលវាផ្ទុយពីអ្វីដែលលោកស្រីមានជំហរលើពីមុនមក។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកស្រីត្រូវបានគេដកហូតរួមទាំងពានរង្វាន់ Elie Wiesel របស់សារមន្ទីរ Holocaust និងពានរង្វាន់សេរីភាពទីក្រុង ដែលត្រូវបានដកហូតមកវិញដោយ Edinburgh, Oxford, Glasgow និង Newcastle ។ នេះបើយោងតាមវេបសាយ the guardian ចុះផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទី១២ ខែវិច្ឆកាម្សិលមិញ។
អង្គការអន្តរជាតិ Amnesty International បាននិយាយថា៖ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំស៊ីវិលរបស់ភូមារូបនេះ គឺមិនមែនជានិមិត្តរូបនៃក្តីសង្ឃឹមទៀតទេ ដូចនេះលោកស្រីត្រូវដកដំណែងជាឯកអគ្គរាជទូតនៃរង្វាន់មនសិការចេញ។ លោកស្រីត្រូវបានគេថ្កោលទោសថា «មានការព្រងើយកន្តើយ» ចំពោះអំពើឃោរឃៅដែលប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ានិងសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។ ក្រុមភ្នាក់ងារស៊ើបអង្កេតរបស់ UN បាននិយាយថា៖ យោធារបស់មីយ៉ាន់ម៉ាបានរំលោភ និងសម្លាប់ក្រុមរ៉ូហ៊ីងយ៉ានេះដោយ «ចេតនាប្រល័យពូជសាសន៍» ហើយក្រុមរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០នាក់បានភៀសខ្លួនចេញទៅបង់ក្លាដេសដើម្បីគេចពីការបង្ក្រាបដោយយោធាដ៏ឃោរឃៅនេះ។ ចំពោះរឿងនេះដែរមេបញ្ជាការ និងឧត្តមសេនីយ៍០៥រូបត្រូវបានច្បាប់អន្ដរជាតិកាត់ទោសថាជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។
អង្គការលើកលែងទោសអន្តរជាតិបានបន្ថែមទៀតថា៖ រដ្ឋបាលរបស់លោកស្រីអ៊ុងសានស៊ូជីបានធ្វើឱ្យមានការស្អប់គ្នាប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ាដោយលាបពណ៌ពួកគេថាជា «ភេរវជន» ថែមទាំងរារាំងការស៊ើបអង្កេតអន្តរជាតិលើការរំលោភបំពានសិទ្ធិមនុស្ស និងបំបិទសេរីភាពបញ្ចេញមតិ។ កាលពីខែកញ្ញាលោកស្រីអ៊ុងសានស៊ូជីបានដាក់ពន្ធនាគារអ្នកកាសែត០២នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំដោយសារពួកគេធ្វើការស៊ើបអង្កេតនូវការសម្លាប់រង្គាលលើប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។


អត្ថបទ៖ លីដា
ប្រភព៖ theguardian