អន្តរជាតិ

កិច្ចចរចាថ្នាក់កំពូលលើកទី២ រវាងអ៊ុយក្រែន-រុស្ស៊ី នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទួរគីចាប់ពីថ្ងៃទី២៨ ដល់ ៣០

BY
autoadmin
March 28, 2022

អ៊ុយក្រែនបាននិយាយថា កិច្ចចរចាជុំទី២ រវាងអ្នកចរចាមកពីទីក្រុងគៀវ និងទីក្រុងមូស្គូ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទួរគី ចាប់ពីថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ អ្នកចរចា និងជាអ្នកនយោបាយអ៊ុយក្រែន លោក David Arakhamia បានសរសេរនៅលើ Facebook របស់គាត់ថា៖«ថ្ងៃនេះ ក្នុងអំឡុងពេលនៃការចរចាជាវីដេអូមួយផ្សេងទៀត ភាគីទាំង ២ បានសម្រេចចិត្តជួបគ្នាដោយផ្ទាល់នៅក្នុងប្រទេសទួរគី នៅថ្ងៃទី២៨-៣០ ខែមីនា»។ ជម្រាបដែរថា រុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យនៅក្នុងកិច្ចចរចាថ្នាក់កំពូលលើកដំបូងរបស់ពួកគេ ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមីនា នៅទីក្រុង Antalya ចាប់តាំងពីទីក្រុងម៉ូស្គូ បានចាប់ផ្តើមការលុកលុយអ៊ុយក្រែននៅចុងខែកុម្ភៈ។

ភាគីទាំង ២ បានពិភាក្សាគ្នាជាទៀងទាត់តាមរយៈវីដេអូពីចម្ងាយ (Video Conference) ប៉ុន្តែមិនបានលទ្ធផលផ្លែផ្កាណាមួយនោះទេ ដោយភាគីទាំង ២ ពណ៌នាកិច្ចខិតខំប្រឹងប្រែងថា វាពិតជាមានការលំបាកខ្លាំងណាស់។ ប៉ុន្តែប្រធានាធិបតីទួរគីលោក Recep Tayyip Erodgan បាននិយាយនៅសប្តាហ៍នេះថា រុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាបានឈានដល់ការយោគយល់គ្នាលើចំណុចចរចាចំនួន ៤ ក្នុងចំណោមចំណុចចរចាចំនួន ៦ ដោយចំណុចទាំង ៤ មានដូចជា៖ អ៊ុយក្រែន​នៅ​ក្រៅ​អង្គការ​អូតង់ ការប្រើប្រាស់​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន ការ​រំសាយ​អាវុធ និង​ការធានា​សន្តិសុខ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនមិនមានការឯកភាពគ្នាលើចំណុចសំខាន់ៗជាមួយរុស្ស៊ីនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: