អន្តរជាតិ

តារាសម្ដែងលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកពានរង្វាន់ Oscar ភ្លាមៗបន្ទាប់ពីបុគ្គលនោះបានលេងសើចលើស្ថានភាពរបស់ប្រពន្ធគាត់

BY
autoadmin
March 28, 2022

កម្មវិធីពានរង្វាន់ Oscar កំពុងប្រឈមនឹងរឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ៩៤ ឆ្នាំរបស់ខ្លួន បន្ទាប់ពីតារាសម្ដែងដ៏ល្បីគឺលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅចំពោះមុខមហាជន និងតារាកិត្តិយសដទៃទៀត ភ្លាមៗក្រោយពេលលោក Chris Rock បាននិយាយលេងសើចលើការកោរសក់របស់ប្រពន្ធគាត់។ ប្រភព BBC បាននិយាយថា លោក Chris Rock ដែលកំពុងធ្វើជាពិធីករនៅលើឆាកពានរង្វាន់ Oscar បាននិយាយថា៖«Jada, ខ្ញុំមិនអាចរង់ចាំរឿង GI Jane ភាគ ២ បានទេ»។ គាត់បាននិយាយបែបនេះ គឺនៅក្នុងន័យលេងសើចទៅលើការកោរសក់របស់នាង Jada Pinkett Smith ខណៈដែលនាងកំពុងមានជំងឺ alopecia ដែលធ្វើឱ្យមានការជ្រុះសក់ធ្ងន់ធ្ងរ។

ក្រោយឮលោក Rock និយាយលេងសើចបែបនោះ លោក Smith បានដើរឡើងលើឆាក (មើលដំបូងស្មានថាគាត់មិនបានខឹងអ្វីឡើយ) ហើយក៏បានទះលោក Rock មួយកំផ្លៀងតែម្ដង មុនពេលដើរត្រឡប់មកកន្លែងអង្គុយវិញ ហើយស្រែកថា «កុំនិយាយឈ្មោះប្រពន្ធរបស់ខ្ញុំចេញពីមាត់សំអុយរបស់អ្នក»។ ជម្រាបផងដែរថា GI Jane គឺជាខ្សែភាពយន្តឆ្នាំ១៩៩៧ ដែលសម្ដែងដោយនាង Demi Moore ហើយក្នុងរឿងនោះផងដែរ គឺនាងបានកោរសក់។ ដូច្នេះហើយវាហាក់ដូចជា លោក Rock លេងសើចទៅលើការកោរសក់នោះ ទាំងដែលការពិតគឺភរិយារបស់លោក Smith កំពុងមានជំងឺ ដែលមិនអាចទុកសក់បាន។

នៅក្នុងយប់ដដែលនោះ លោក Will Smith ក៏បានឈ្នះពានរង្វាន់ Oscar ដំបូងបំផុតនៅក្នុងអាជីពសម្ដែងរបស់គាត់ ដោយគាត់បានឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុត សម្រាប់ការសម្ដែងនៅក្នុងរឿង King Richard ។ លោក Smith បាននិយាយទាំងទឹកភ្នែកនៅពេលទទួលពាន Oscar ដំបូងរបស់គាត់ថា៖«ខ្ញុំចង់សុំទោស Academy។ ខ្ញុំចង់សុំទោសដល់ភ្ញៀវកិត្តិយសទាំងអស់»។ លោកបន្ដថា៖«សិល្បៈ​គឺជាការធ្វើ​ត្រាប់​តាម​ជីវិត។ ខ្ញុំ​មើល​ទៅ​ដូច​ជា​ឪពុក​ឆ្កួត ដូច​គេ​និយាយ​អំពី Richard Williams។ ប៉ុន្តែ​ស្នេហា​នឹង​ធ្វើ​ឱ្យ​អ្នក​ធ្វើ​រឿង​ឆ្កួតៗ»។

យ៉ាងណាក៏ដោយលោក Chris Rock មិនបានដាក់ពាក្យបណ្ដឹងចំពោះការប្រើហិង្សារបស់លោក Will Smith នោះទេ ប៉ុន្តែខាងកម្មវិធីពានរង្វាន់ Oscar ទំនងជានឹងមិនលើកលែងទង្វើរបស់លោក Smith ឡើយ ហើយក៏ទំនងជានឹងយកពានរបស់លោក Smith ត្រឡប់មកវិញផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: