អេហ្ស៊ីបបានរកឃើញសាកសពឆ្មាម៉ាមីរាប់សិបក្បាល និងរូបចម្លាក់ឆ្មាចំនួន១០០បន្សល់ពីបុរាណ
វាពិតជាមិនគួរឱ្យជឿមែន តែអ្នកបុរាណវិទូជាច្រើនកំពុងបន្តរុករកផ្នូរបុរាណក្នុងប្រទេសអេហ្ស៊ីប ហើយភ័ស្តុតាងជាច្រើនក៏បានបង្ហាញថាប្រជាជនអេហ្ស៊ីបបុរាណស្រឡាញ់ និងគោរពសត្វឆ្មាខ្លាំងណាស់។ ក្រុមបុរាណវិទូអេហ្ស៊ីបមួយបានជីកផ្នូរសាកសពបុរាណដែលមានអាយុកាល ៤ ៥០០ឆ្នាំ នៅក្បែរទីក្រុង Cairo ហើយពួកគេបានរកឃើញសពឆ្មាម៉ាមីរាប់សិបក្បាលនិងរូបចម្លាក់ឈើ ១០០ផ្សេងទៀត ក៏ដូចជារូបចម្លាក់សំរិទ្ធនៃ Bastet ដែលជាទេពធីតានៃសត្វឆ្មាទាំងពួង (Goddess of cats)។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅឯផ្នូរដែលបានរកឃើញថ្មីមួយកន្លែងនៅតំបន់ Saqqara ហើយផ្នូរនេះមានអាយុកាលកំឡុងរជ្ជកាលទី៥ នៃរាជវង្សបុរាណរបស់អេហ្ស៊ីប។
ក្រសួងវប្បធ៌មអេហ្ស៊ីបមានសង្ឃឹមយ៉ាងមុតមាំថា ការស្រាយជ្រាវនេះគឺជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលេង និងទស្សនាបេតិកភណ្ឌរបស់ប្រទេសអេហ្ស៊ីបឡើងវិញដោយសារ៦ឆ្នាំមកនេះអេហ្ស៊ីបបានបាត់បង់ភ្ញៀវទេសចរណ៍ដោយសារតែរបបផ្តាច់ការរបស់ប្រធានាធិបតីលោក Hosni Mubarak ។ ទោះបីជាសត្វឆ្មាគឺប្រៀបដូចជាអាទិទេពសម្រាប់ជនជាតិអេហ្ស៊ីបបុរាណយ៉ាងណាក៏ដោយ តែពួកគេមិនបានធ្វើការគោរពបូជាជូនដល់អាទិទេពឆ្មាទាំងនោះនោះទេ៕





ប្រភព៖ NPR