ប្រទេសស្រីលង្កាត្រូវកាត់ផ្តាច់អគ្គិសនីរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ ហើយវារីអគ្គីសនីពុំមានទឹកគ្រប់គ្រាន់
- BY
- autoadmin
- March 30, 2022
ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានចាប់ផ្តើមការកាត់បន្ថយថាមពលអគ្គិសនីនៅទូទាំងប្រទេស រយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨ ដោយសារតែកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ដើម្បីទូទាត់លើការនាំចូល។ គួររំលឹកដែរថាមួយរយៈមុននេះ ប្រទេសស្រីលង្កាក៏មានការផ្អាកការប្រលងឆមាសរបស់សិស្សផងដែរ ដោយសារតែកង្វះខាតក្រដាស់បោះពុម្ព។

អគ្គិសនីរដ្ឋបាននិយាយថា ខ្លួនកំពុងកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដែលនេះជាការកើនឡើងពីការដាច់អគ្គិសនីរយៈពេល ៧ ម៉ោងក្នុងមួយថ្ងៃ ចាប់តាំងពីដើមខែមីនា ដោយសារមិនមានប្រេងសម្រាប់ផ្គត់ផ្គង់ម៉ាស៊ីនភ្លើង។ ក្រុមមន្ត្រីបាននិយាយថា ច្រើនជាង ៤០% នៃអគ្គិសនីរបស់ប្រទេសស្រីលង្កា ត្រូវបានបង្កើតចេញពីវារីអគ្គីសនី ប៉ុន្តែអាងស្តុកទឹកក៏មិនមានទឹកនោះដែរ ដោយសារតែមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ការផលិតអគ្គិសនីភាគច្រើន គឺបានមកពីធ្យូងថ្ម និងប្រេង (ម៉ាស៊ីនភ្លើង) ហើយរបស់ទាំង ២ គឺសុទ្ធតែជារបស់នាំចូល ដែលវាបានធ្វើឱ្យបញ្ហាទាំងអស់មានភាពប្រទាក់ក្រឡាគ្នា នៅចំពេលដែលរដ្ឋាភិបាលមិនមានរូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់នាំចូលរបស់ទាំងអស់នោះ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈដ៏សំខាន់ Ceylon Petroleum Corporation (CPC) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ក៏បាននិយាយថា ពួកគេមិនមានប្រេងម៉ាស៊ូតផ្គត់ផ្គង់យ៉ាងហោចណាស់ ២ ថ្ងៃ ខណៈតម្លៃប្រេងឥន្ធនៈក៏ត្រូវបានកើនឡើងជាញឹកញយ ក្នុងរយៈពេលចុងក្រោយនេះ។ ប្រេងឥន្ធនៈបានកើនឡើង ៩២% និងប្រេងម៉ាស៊ូត ៧៦% ចាប់តាំងពីដើមឆ្នាំមក ដែលវាកាន់តែដាក់សម្ពាធមកលើប្រទេសនេះថែមទៀត។ ក្រុមមន្ត្រីបាននិយាយថា រដ្ឋាភិបាលបានចំណាយពេល ១២ ថ្ងៃ ដើម្បីស្វែងរកប្រាក់ចំនួន ៤៤ លានដុល្លារ ដើម្បីចំណាយលើការដឹកជញ្ជូនឧស្ម័ន LP និងប្រេងកាតចុងក្រោយបង្អស់របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo News
- Share This Post:






