អ្នកប្រដាល់ថៃវ័យ១៣ឆ្នាំម្នាក់ស្លាប់ ដោយសារឈាមចូលខួរក្បាល ក្រោយចប់ការប្រកួត២ថ្ងៃ
អ្នកប្រដាល់វ័យ ១៣ឆ្នាំ អានុចា កូចាណា (Anucha Kochana) ត្រូវបានឱ្យដឹងថា បានស្លាប់ដោយសារការហូរឈាមចូលខួរក្បាល ០២ថ្ងៃបន្ទាប់ពីរូបគេបានក្រកួតនៅក្នុងកម្មវិធីសប្បុរសធម៌មួយ។ អានុចា កូចាណា ត្រូវបានឱ្យដឹងមកថា គាត់ធ្លាប់ប្រកួតចំនួន ១៧០ដង និងក្លាយជាអ្នកប្រដាល់ចាប់តាំងពីអាយុ៨ឆ្នាំមកម៉្លេះ ដើម្បីជួយដល់ជីវភាពគ្រួសាររបស់គាត់។ ការស្លាប់របស់គាត់បានធ្វើឱ្យសភាថៃពិនិត្យឡើងវិញនូវច្បាប់ហាមកុមារអាយុក្រោម១២ឆ្នាំមិនឱ្យចូលរួមប្រដាល់ទៀតឡើយ។
កីឡាប្រដាល់ថៃឬ Muay Thai ជាកីឡាប្រដាល់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលយុទ្ធជនវ័យក្មេងរាប់ពាន់នាក់ និងគ្រួសាររបស់ពួកគេមើលឃើញថា វាជាមធ្យោបាយរកលុយរបស់ពួកគេ។ ការពិតទៅមានច្បាប់មួយចំនួនហាមមិនឱ្យកីឡាករវ័យក្មេងទាំងនេះប្រដាល់នោះទេ ប៉ុន្តែប្រជាជនថៃមួយចំនួនបានប្រឆាំងជាមួយច្បាប់នេះដោយនិយាយថា វាគឺជាផ្នែកមួយនៃប្រពៃណីប្រដាល់របស់ថៃ។ យ៉ាងណាមិញការស្លាប់របស់ អានុចា កូចាណា បានធ្វើឱ្យជនជាតិថៃ និងកីឡាករជាច្រើនមានការសោកសៅជាខ្លាំង។
ចំណែកគូប្រជែងរបស់ អានុចា កូចាណា ដែលមានអាយុ ១៤ឆ្នាំបាននិយាយថា៖ គាត់មានការសោកស្តាយខ្លាំងណាស់ចំពោះអ្វីដែលបានកើតឡើង ហើយគាត់មិនមានបំណងនឹងយកជីវិត អានុចា នោះទេ ហើយគាត់ក៏មានគម្រោងដាក់ដេញថ្លៃខោខ្លី ដែលគាត់បានពាក់នៅក្នុងការប្រកួតរបស់គាត់ជាមួយ អានុចា ដើម្បីរៃអង្គាសប្រាក់ដល់គ្រួសាររបស់សព អានុចា កូចាណាផងដែរ។ តារបាយការណ៍មួយបានឱ្យដឹងថាប្រទេសថៃមានកីឡាករវ័យក្រោម ១៥ឆ្នាំមកចុះឈ្មោះប្រដាល់ដល់ទៅ ១០ ០០០នាក់ឯណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC