មន្ត្រីការពារជាតិអាមេរិកនិយាយថា យោធារុស្ស៊ីបានចាប់ផ្តើមដកខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl
- BY
- autoadmin
- March 31, 2022
មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា យោធារុស្ស៊ីបានចាប់ផ្តើមដកខ្លួនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl មួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូបាននិយាយថា ខ្លួននឹងកាត់បន្ថយការវាយប្រហារលើទីក្រុងសំខាន់ៗចំនួន ២ របស់អ៊ុយក្រែន។ រំលឹកដែរថា យោធារុស្ស៊ីបានរឹបអូសយករោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ មន្ត្រីអាមេរិកម្នាក់នោះបាននិយាយថា៖«Chernobyl គឺជាតំបន់មួយដែលពួកគេកំពុងចាប់ផ្តើមរុះរើកងទ័ពរបស់ពួកគេឡើងវិញ ដោយចាកចេញពីទីតាំង Chernobyl ហើយផ្លាស់ទៅប្រទេសបេឡារុស»។ គាត់បានបន្ថែមថា យោធារុស្ស៊ីពួកគេកំពុងចាកចេញពីទីនោះ ប៉ុន្តែមិនអាចនិយាយថា ពួកគេចាកចេញទាំងស្រុងនោះទេ។

ទាហានរុស្ស៊ីក៏បានចាប់យករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia កាលពីថ្ងៃទី០៤ ខែមីនា ដោយបង្កឱ្យមានការជូនដំណឹងអំពីសុវត្ថិភាព នៅពេលដែលការបាញ់ផ្លោងរបស់រុស្ស៊ីបានបណ្តាលឱ្យមានអគ្គីភ័យនៅទីនោះ។ គួរឱ្យដឹងដែរថា អ៊ុយក្រែនមានរ៉េអាក់ទ័រចំនួន ១៥ នៅរោងចក្រថាមពលនុយក្លេអ៊ែរសកម្មចំនួន៤ ក៏ដូចជាកន្លែងស្តុកទុកកាកសំណល់នុយក្លេអ៊ែរជាច្រើន រួមទាំងនៅ Chernobyl ដែលជាកន្លែងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ១៩៨៦។ ជាមួយនឹងការបាញ់ផ្លោងបន្តពេញមួយយប់ ប្រទេសអ៊ុយក្រែន និងមហាអំណាចលោកខាងលិច កំពុងមានមន្ទិលលើការសន្យារបស់រុស្ស៊ីកាលពីថ្ងៃអង្គារ ថាពួកគេនឹងកាត់បន្ថយសកម្មភាពយោធានៅជុំវិញទីក្រុង Chernigiv និងរដ្ឋធានី Kyiv ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






