លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យថ្មីមួយ ដើម្បីឱ្យប្រទេសអមិត្តត្រូវបង់ជាប្រាក់រូប (Ruble) សម្រាប់ការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី
- BY
- autoadmin
- April 1, 2022
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលទាមទារឱ្យប្រទេស «អមិត្ត» ត្រូវបង់ប្រាក់សម្រាប់ការនាំចេញឧស្ម័នធម្មជាតិពីប្រទេសរបស់គាត់ជាប្រាក់រូប (Ruble) ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ បញ្ជីប្រទេសអមិត្តរបស់រុស្ស៊ីរួមមាន៖ សហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុប និងជប៉ុន។ លោក ពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសន្យាដែលមានស្រាប់ក៏នឹងត្រូវបញ្ឈប់ ប្រសិនបើអ្នកទិញមិនធ្វើតាម។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែង អ្នកទិញនៅតែអាចបង់ជារូបិយប័ណ្ណបរទេសបាន។ ក្រឹត្យនេះបានបញ្ជាក់ថា អ្នកទិញត្រូវតែបើកគណនីរូបិយប័ណ្ណបរទេស និងប្រាក់ «រូប» នៅធនាគារ Gazprombank របស់រុស្ស៊ី ដែលនឹងបំប្លែងការផ្ទេររូបិយប័ណ្ណបរទេសរបស់ពួកគេ ទៅជាប្រាក់ «រូប» ដើម្បីធ្វើការទិញ។
![]()
ការផ្លាស់ប្តូរនេះត្រូវបានគេជឿថា ជាការប៉ុនប៉ងធ្វើឱ្យប្រាក់ «រូប» ឥទ្ធិពលឡើងវិញ ខណៈដែលតម្លៃប្រាក់ «រូប» បាននឹងកំពុងធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែង ពីសំណាក់ប្រទេសលោកខាងលិច ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងកិច្ចសន្យាចាស់បានចែងថា ការទូទាត់ត្រូវបានធ្វើឡើងភាគច្រើនជាប្រាក់អឺរ៉ូ និងជួនកាលជាដុល្លារ ហើយប្រទេសរបស់គាត់ពឹងផ្អែកលើប្រទេសរុស្ស៊ី ស្ទើរតែពាក់កណ្ដាលលើការនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន។ លោក Scholz បាននិយាយថា រដ្ឋាភិបាលរបស់គាត់នឹងពិនិត្យយ៉ាងដិតដល់នូវចំណាត់ការរបស់ប្រធានាធិបតី ពូទីន ។ រដ្ឋមន្ត្រីថាមពលមកពីប្រទេស G7 កាលពីថ្ងៃចន្ទ បានច្រានចោលការទាមទាររបស់លោក ពូទីន សម្រាប់ការទូទាត់ជាប្រាក់រូប។ ពួកគេបានយល់ស្របថា វាជាការបំពានយ៉ាងច្បាស់លើកិច្ចសន្យាដែលមានស្រាប់៕
![]()
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






