រដ្ឋាភិបាលថៃបានប្រកាសពីអ្វីដែលអនុញ្ញាត និងហាមឃាត់ នៅអំឡុងពិធីបុណ្យសង្ក្រាន្តនាពេលឆាប់ៗនេះ
- BY
- autoadmin
- April 1, 2022
រដ្ឋាភិបាលថៃបានប្រកាសថា ការធ្វើដំណើររវាងខេត្តនានាត្រូវបានអនុញ្ញាតក្នុងអំឡុងពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែអ្នកដែលមានហានិភ័យ គួរធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) មុនពេលធ្វើដំណើរ។ សេចក្តីប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយបានចុះផ្សាយក្នុង Royal Gazette កាលពីថ្ងៃព្រហស្បតិ៍។ វាបានបន្ថែមថា មនុស្សស្ថិតនៅក្នុងក្រុមដែលមានហានិភ័យ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ គួរតែត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺ COVID-19 រួមទាំងការចាក់ដូសជំរុញ ដើម្បីការពារការឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលជួបជុំគ្រួសារ។

ជាមួយគ្នានេះ CCSA ក៏បានអនុញ្ញាតឱ្យមានសកម្មភាពបុណ្យសង្រ្កាន្តផងដែរ នៅតាមតំបន់ដែលកំណត់ដោយការិយាល័យសុខភាពសាធារណៈខេត្ត។ សកម្មភាពដែលត្រូវបានអនុញ្ញាត រួមមាន៖ ការស្រង់ទឹកលើរូបព្រះពុទ្ធ និងព្រឹទ្ធាចារ្យ ការសំដែងវប្បធម៌ ការប្រគុំតន្ត្រី និងក្បួនដង្ហែ។ ព្រឹត្តិការណ៍ទាំងអស់ត្រូវតែបំពេញតាមស្តង់ដារកំណត់តាម Covid Free Setting របស់រដ្ឋាភិបាល រួមទាំងការពាក់ម៉ាស់ចាំបាច់ ការពិនិត្យ និងកំណត់ចំនួនអ្នកចូលរួម (១នាក់ ក្នុង ៤ម៉ែត្រការ៉េ)។ ការលក់ ឬការទទួលទានគ្រឿងស្រវឹង នឹងត្រូវហាមឃាត់នៅក្នុងតំបន់មានសកម្មភាព។
ចំណែកការបាញ់ទឹកតាមទីសាធារណៈ នៅក្រៅតំបន់ដែលកំណត់ដោយអាជ្ញាធរខេត្តក៏ត្រូវហាមឃាត់ដែរ។ ការប៉ាតម្សៅលើមុខ និងលេងពពុះសាប៊ូ ត្រូវបានហាមប្រាមទាំងស្រុងក្នុងអំឡុងពេលបុណ្យសង្ក្រាន្ត។ CCSA បានព្រមានថា អ្នករៀបចំសកម្មភាពដែលមិនអនុវត្តតាមច្បាប់ អាចប្រឈមមុខនឹងវិធានការផ្លូវច្បាប់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






