អន្តរជាតិ

ប៉ូលីសទីក្រុង Los Angeles ត្រៀមនឹងចាប់ខ្លួនតារាសម្ដែង Will Smith ជុំវិញទង្វើរបស់គាត់នៅលើឆាកប្រគល់ពានរង្វាន់ Oscar កាលពីពេលថ្មីៗនេះ

BY
autoadmin
April 1, 2022

ផលិតកររបស់កម្មវិធីពានរង្វាន់ Oscar គឺលោក Will Packer បាននិយាយថា ប៉ូលីសនៃទីក្រុង Los Angeles បានត្រៀមរួចជាស្រេច ដើម្បីនឹងចាប់ខ្លួនតារាសម្ដែង Will Smith បន្ទាប់ពីគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកប្រគល់ពានរង្វាន់របស់ស្ថាប័នមួយនេះ។ លោក Smith អាយុ ៥៣ឆ្នាំ ប្រឈមមុខនឹងច្បាប់ចំពោះទង្វើរបស់គាត់ នៅពេលដែលតារាសម្ដែងរូបនេះ មានការប៉ះទង្គិចគ្នាជាមួយលោក Rock ជុំវិញការនិយាយពាក្យមិនសមរម្យរបស់លោក Rock មកលើនាង Jada Pinkett ដែលជាភរិយារបស់លោក Smith កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

តារា​សម្ដែងលោក Will Smith បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់នៅក្នុងកម្មវិធី ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​សាល Dolby Theatre ក្នុង​ទីក្រុង Los Angeles នៅ​ពេល​ដែល​គាត់​បានដើរ​លើ​ឆាក ហើយ​ទះកំផ្លៀងលោក Rock ខណៈដែលលោក Rock កំពុងធ្វើជាពិធីកររបស់កម្មវិធី។ ក្រោយទះកំផ្លៀងលោក Chris Rock រួចហើយនោះ លោក Will Smith ក៏ត្រឡប់មកកន្លែងអង្គុយរបស់គាត់វិញ ដោយស្រែកទៅកាន់លោក Rock ថា៖«កុំនិយាយឈ្មោះប្រពន្ធរបស់ខ្ញុំ ចេញពីមាត់សំអុយរបស់អ្នក»។ ក្រោយៗមកទៀតអ្នកទាំង ២ ក៏បានសរសេរពាក្យសុំទោសគ្នាទៅវិញទៅមកផងដែរ ហើយលោក Chris Rock ក៏មិនបានដាក់ពាក្យបណ្ដឹងលើលោក Will Smith នោះដែរ ប៉ុន្តែទោះជាយ៉ាងណា លោក Will Smith ទំនងនឹងត្រូវតែប្រឈមមុខជាមួយច្បាប់៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP

Share This Post: