អន្តរជាតិ

ប្រទេសជប៉ុនបានចេញច្បាប់ថ្មី​មួយស្ដីពីការប្រើប្រាស់ប្លាស្ទិក ហេីយអ្នកបំពា​នច្បាប់នេះអាចផាកពិន័យរហូតដល់​ ៤,១០០ដុល្លារឯណោះ

BY
autoadmin
April 1, 2022

ច្បាប់ថ្មី​មួយដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​វត្ថុ​ប្លាស្ទិក​ ​បាន​ចូល​ជា​ធរមាននៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២​ នៅ​ក្នុង​ប្រទេស​ជប៉ុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mainichi ។ ច្បាប់ថ្មីស្ដីពីចរាចរប្លាស្ទិក (Plastic Resource Circulation) ដែលបានចូលជាធរមាននៅថ្ងៃនេះផ្ទាល់ នឹងត្រូវគ្របដណ្ដប់លើវត្ថុប្លាស្ទិកចំនួន ១២ រួមមាន៖ បំពង់បឺត ស្លាបព្រា ច្រាសដុសធ្មេញ ប្រដាប់កោរ ប្រដាប់ព្យួរខោអាវ និងថង់ស្រោបសំលៀកបំពាក់ (clothes cover)។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ការកែច្នៃឡើងវិញ ពោលគឺចាប់តាំងពីការរចនារបស់ពួកគេរហូតដល់ការចោលកាកសំណល់ទាំងនោះ។

ហាងលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀត ដែលប្រើប្រាស់ប្លាស្ទិកប្រភេទប្រើបានតែមួយលើក (single-use) លើសពី ៥ តោន ឬច្រើនជាងនេះក្នុងមួយឆ្នាំ គឺតម្រូវឱ្យកាត់បន្ថយបរិមាណប្រើប្រាស់របស់ពួកគេ។ ចំណែកឯអាជីវករលក់ដូរ គឺត្រូវបានតម្រូវឱ្យផ្តល់មធ្យោបាយផ្សេងទៀត ឬគិតថ្លៃបន្ថែមពីអតិថិជនចំពោះការប្រើប្រាស់ប្លាស្ទិក។ ជាមួយគ្នានេះដែរ រាល់ម្ចាស់អាជីវកម្មណា ដែលបដិសេធមិនអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០០,០០០ យ៉េន ឬប្រហែល ៤,១០០ ដុល្លារ សម្រាប់ការបំពានម្តងហើយម្តងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Mainichi

Share This Post: