មនុស្ស ៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាយហ្គាសក្នុងរោងចក្រមួយកន្លែងនៅប្រទេសឥណ្ឌា
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាយហ្គាសនៅរោងចក្រមួយកន្លែងក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២១ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុហើយ ក៏មានមនុស្សជាច្រើនផ្សេងទៀតផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។

បើយោងតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះគឺជារោងចក្រនាំចេញអាហារសមុទ្រកែច្នៃខ្នាតតូច មានទីតាំងស្ថិតនៅក្នុងតំបន់ Thiruvallur នៃរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា នៅក្នុងរោងចក្រមួយកន្លែងនេះមានកម្មករសរុបចំនួន ១២០នាក់ ហើយភាគច្រើននៃពួកគេគឺជាកម្មករចំណាកស្រុក ខណៈជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នេះគឺសុទ្ធតែជាក្រុមកម្មករដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះផ្ទាល់តែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time