របាយការណ៍ពី UN បានបញ្ជាក់ថា៖ កូរ៉េខាងជើងពឹងផ្អែកលើការវាយប្រហារតាមអ៉ីនធឺណិតដើម្បីរកប្រាក់ចំណូល
- BY
- autoadmin
- April 2, 2022
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើងបាននិយាយថា ការវាយប្រហារតាមអ៉ីនធឺណិត ជាពិសេសលើទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ។ ក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចងក្រងរបាយការណ៍នៃការរកឃើញរបស់ខ្លួន រហូតដល់ចុងខែមករា ហើយបានចេញផ្សាយវានៅថ្ងៃសុក្រ ដោយបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបន្តនាំចេញធ្យូងថ្ម និងផលិតផលផ្សេងទៀត តាមរយៈការផ្ទេរទំនិញពីកប៉ាល់ទៅកប៉ាល់ ដោយបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប៉ុន្តែបរិមាណបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត។

របាយការណ៍បាននិយាយថា ប្រទេសនេះបានលួចយ៉ាងហោចណាស់ ៥០ លានដុល្លារ ពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូ នៅចន្លោះឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១។ គណៈកម្មាការបានកត់សម្គាល់ឃើញថា កូរ៉េខាងជើងកំពុងមើលរំលងពីការដាក់ទណ្ឌកម្ម ដើម្បីជំរុញការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ វាបាននិយាយថា បច្ចេកវិទ្យាសម្រាប់ Hwasong-8 ដែលបានបាញ់បង្ហោះកាលពីខែកញ្ញាឆ្នាំមុន ដែលកូរ៉េខាងជើងអះអាងថា ជាមីស៊ីលលឿនជាងសំឡេង ទំនងជាទទួលបានពីពួក Hacker ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មកាន់តែខ្លាំងលើកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ខ្លួន ប៉ុន្តែចិន និងរុស្ស៊ី ចង់បន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើងទៅវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






