លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍ ដោយសារឃើញសភាពបែបនេះនៅជុំរិញរដ្ឋធានីគៀវ
រដ្ឋអាជ្ញាកំពូលរបស់ប្រទេសអ៊ុយក្រែន គឺលោកស្រី Iryna Venedyktova បាននិយាយថា មានសាកសពចំនួន ៤១០ ត្រូវបានរកឃើញនៅក្នុងទីក្រុងនានា ដែលកងកម្លាំងរុស្ស៊ីចូលវាយលុកនៅជិតរដ្ឋធានី Kyiv ហើយការរកឃើញនេះដែរ គឺជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ អភិបាលក្រុង Bucha ដែលជាទីប្រជុំជនចម្ងាយ ២៣ ម៉ាយ ពីភាគពាយព្យនៃទីក្រុង Kyiv បានប្រាប់ថា មានអ្នកស្រុកចំនួន ៣០០ នាក់ ត្រូវបានគេសម្លាប់នៅក្នុងទីក្រុងរបស់គាត់ ខណៈដែលកងកម្លាំងមកពីតំបន់ Chechnya ដែលគ្រប់គ្រងដោយរុស្ស៊ី ក៏បានគ្រប់គ្រងទីតាំងនេះ។

លោកស្រី Venedyktova បាននិយាយថា ព្រះរាជអាជ្ញាអ៊ុយក្រែនអាចចូលទៅទីក្រុង Bucha, Irpin និង Hostomel ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ហើយពួកគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃពីទំហំនៃឧក្រិដ្ឋកម្មនោះ។ លោកស្រីបានបន្ថែមថា៖«យើងត្រូវធ្វើការជាមួយសាក្សី។ ប៉ុន្តែឥឡូវនេះ ពលរដ្ឋមានការតានតឹងខ្លាំងណាស់ ដែលធ្វើឱ្យពួកគេមិនអាចនិយាយអ្វីបាន»។ យ៉ាងណាក៏ដោយ ភាគីរុស្ស៊ីបានបដិសេធលើការចោទប្រកាន់នេះ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន ដោយលោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ប្រទេសយើងមានច្រើនជាង ១០០ សញ្ជាតិរស់នៅ។ នេះជាការបំផ្លិចបំផ្លាញ និងបំផ្លាញជាតិសាសន៍ទាំងនោះ»។ លោក Zelenskyy បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីមានការព្រមានថា កងកម្លាំងរុស្ស៊ីចង់ដណ្តើមយកភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន។ លោកក៏បាននិយាយដែរថា កងកម្លាំងអ៊ុយក្រែនពេលនេះ បានគ្រប់គ្រងសហគមន៍ក្នុងទីក្រុង Kyiv និង Chernihiv ឡើងវិញ ហើយលោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ មុនពេលជួបទទល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៕



អត្ថបទ៖ លីដា
ប្រភព៖ CNBC