ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពជាង ២,០០០ នាក់ ទៅកាន់ទីក្រុងសៀងហៃ ដើម្បីធ្វើតេស្ដលើពលរដ្ឋទាំង ២៦ លាននាក់នៅទីនោះ
- BY
- autoadmin
- April 4, 2022
ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់ពលរដ្ឋចំនួន ២៦ លាននាក់របស់ខ្លួន នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ នៅក្នុងការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមិនធ្លាប់មានពីមុន។ អ្នកស្រុកខ្លះត្រូវបានគេសុំឱ្យក្រោកពីព្រឹកព្រលឹម ដើម្បីប្រញាប់ប្រញាល់មកធ្វើតេស្ដរកមេរោគ COVID-19 ឱ្យបានទាន់ពេលវេលា។ ប្រភពបាននិយាយថា កងទ័ពរំដោះប្រជាជន (PLA) កាលពីថ្ងៃអាទិត្យ បានបញ្ជូនបុគ្គលិកពេទ្យជាង ២,០០០ នាក់ ដែលត្រូវបានជ្រើសរើសចេញពីជួរកងទ័ពជើងគោក កងទ័ពជើងទឹក និងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូន ធ្វើការរួមគ្នាទៅកាន់ទីក្រុងសៀងហៃ។

ខេត្តជាច្រើនដូចជា Jiangsu, Zhejiang និងប៉េកាំង ក៏បានបញ្ជូនបុគ្គលិកថែទាំសុខភាពទៅកាន់ទីក្រុងសៀងហៃ ដោយមានការប៉ាន់ប្រមាណថា ចំនួនបុគ្គលិកពេទ្យទាំងអស់នឹងមានលើសពី ១០,០០០ នាក់។ នេះគឺជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺ COVID-19 នៅក្នុងទីក្រុង Wuhan នៅអំឡុងឆ្នាំ២០១៩។ កាលពីថ្ងៃអាទិត្យ ទីក្រុងនេះក៏បានស្នើឱ្យអ្នកស្រុកធ្វើតេស្តដោយខ្លួនឯង ដោយប្រើឧបករណ៍តេស្តអង់ទីហ្សែនផងដែរ ខណៈបានរកឃើញករណីគ្មានរោគសញ្ញាចំនួន ៨,៥៨១ ករណី និងមានរោគសញ្ញាចំនួន ៤២៥ ករណី នៅថ្ងៃដដែលនោះ។ ថ្វីបើការផ្ទុះឡើងមានទំហំតូចជាងស្តង់ដារពិភពលោក ទីក្រុងនេះបានដាក់ចេញយុទ្ធសាស្ត្រលុបបំបាត់ជំងឺយ៉ាងតឹងរឹង ដោយផ្អែកលើការធ្វើតេស្ត តាមដាន និងដាក់ឱ្យនៅដាច់ពីគេ សម្រាប់អ្នកវិជ្ជមាន និងអ្នកមានទំនាក់ទំនងជិតស្និទ្ធ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






