ប្រទេសវៀតណាមកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ដើម្បីសាកល្បងធ្វើតេស្ដវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទបាញ់តាមច្រមុះ
- BY
- autoadmin
- April 4, 2022
វិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងញ៉ាត្រាង របស់ប្រទេសវៀតណាម កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣,០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ។ លោកស្រី Trinh Thi Bich Thuy នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្រប់គ្រងការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ ក្រោមវិទ្យាស្ថានប៉ាស្ទ័រ បាននិយាយកាលពីថ្ងៃសុក្រថា ការជ្រើសរើសនឹងមានរយៈពេលរហូតដល់ចុងខែមេសានេះ។ លោកស្រីបាននិយាយថា វ៉ាក់សាំងដែលនឹងត្រូវយកមកសាកល្បងនេះ គឺជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសចិន និងផលិតតាមបច្ចេកវិទ្យា viral vector ដែលជាការប្រើកំណែវីរុស អភិវឌ្ឍឱ្យក្លាយជាវ៉ាក់សាំង ដើម្បីផ្តល់ការបញ្ជូនសំខាន់ៗដល់កោសិកាមនុស្ស។

ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តត្រូវតែជាអ្នកដែលមិនធ្លាប់ឆ្លងជំងឺ COVID-19, មិនមានបញ្ហាជំងឺរ៉ាំរ៉ៃ និងមានសុខភាពល្អ ហើយការចាក់វ៉ាក់សាំងបង្ការ COVID-19 ចុងក្រោយបំផុតរបស់ពួកគេ ត្រូវតែរាប់ឱ្យបានយ៉ាងហោចណាស់ ៣ ខែមុន។ អ្នកស្ម័គ្រចិត្តនឹងត្រូវប្រើវ៉ាក់សាំងបាញ់តាមច្រមុះនេះ ឬ អាចជាការដាក់ថ្នាំ placebo ចំនួន ២ដង នៅចន្លោះពេល ១៤ ថ្ងៃពីគ្នា។ ក្រោយមក ពួកគេនឹងត្រូវត្រួតពិនិត្យសុខភាពរយៈពេលពេញមួយឆ្នាំ តាមរយៈការពិនិត្យសុខភាពចំនួន ៤ ផ្សេងគ្នា ខណៈនឹងទទួលបានជំនួយចំនួន ៦០០,០០០ ដុង (២៦ដុល្លារ) សម្រាប់ការអញ្ចើញមកពិនិត្យមួយលើកៗ។ នេះជាលើកទី១ហើយ ដែលវៀតណាមធ្វើតេស្តលើមនុស្ស សម្រាប់វ៉ាក់សាំងការពារជំងឺ COVID-19 ប្រភេទបាញ់តាមច្រមុះ។
គួរឱ្យដឹងដែរថា អាជ្ញាធរចិនបានអនុម័តឱ្យមានធ្វើតេស្ដការសាកល្បងព្យាបាលវ៉ាក់សាំងបាញ់តាមច្រមុះនេះ នៅខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។ រហូតមកដល់ពេលនេះ មានតែក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស, ប្រទេសចិន (Ad5-nCoV) និងរុស្ស៊ី (Sputnik V) ប៉ុណ្ណោះ ដែលផលិតវ៉ាក់សាំងប្រភេទនេះឡើង ហើយពួកវាសុទ្ធតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ ចំណែកអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ British Columbia និងសាកលវិទ្យាល័យ Cornell ក៏កំពុងសិក្សាលើវ៉ាក់សាំងប្រភេទនេះដូចគ្នា ដើម្បីព្យាបាល COVID-19 ហើយក៏ទទួលបានប្រសិទ្ធភាពនៅក្នុងការសាកល្បងលើសត្វកណ្តុរផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






