អន្តរជាតិ

ហេតុតែចង់ជួបប្រពន្ធ! បុរសវៀតណាមម្នាក់សុខចិត្តចែវទូកកណ្តាលសមុទ្រម្នាក់ឯងចម្ងាយរាប់ពាន់គីឡូពីថៃ ដើម្បីទៅរកប្រពន្ធនៅឯប្រទេសឥណ្ឌា

BY
autoadmin
April 5, 2022

ថៃ ៖​ កាលពីពេលថ្មីៗកន្លងទៅនេះ សមត្ថកិច្ចថៃបានទទួលសេចក្តីរាយការណ៍ពីអ្នកនេសាទថា បានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណនៅលើទូកចែវប្រភេទសប់ ដែលមានប្រវែងប្រមាណ២ម៉ែត្រកន្លះ ដោយសង្កេតឃើញនៅលើទូកមានធុងទឹក និងវ៉ាលីសម្រាប់ធ្វើដំណើរ ដោយបានអណ្តែតលើកណ្តាលសមុទ្រតែម្នាក់ឯង។ ហេតុការណ៍នេះស្ថិតនៅទិសខាងលិចនៃកោះ សុីមីឡាន ប្រមាណជា១៤គីឡូម៉ែត្រ រឺឃ្លាតពីច្រាំងនៃខេត្ត ផាងង៉ា ជាង ៨០គីឡូម៉ែត្រ ។

ដោយក្រែងថាបុរសខាងលើនឹងជួបគ្រោះថ្នាក់ ពីរលកនិងខ្យល់បក់ខ្លាំងនៅកណ្តាលសមុទ្យ ព្រោះស្ថិតនៅឆ្ងាយពីច្រាំងខ្លាំង ក្រុមសមត្ថកិច្ចក៏បានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញធ្វើការចេញដំណើរចូលទៅត្រួចពិនិត្យនៅទីតាំង ដែលបានរាយការណ៍ នៅម៉ោង ១២:៤៥ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្រោយពីបានត្រួតពិនិត្យរួចបានដឹងថា បុរសរូបនោះមានឈ្មោះ លោក HO HOANG HUNG អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិ វៀតណាម និយាយអង់គ្លេសមិនសូវបាន នៅលើទូកមានមីកញ្ចប់ប្រមាណជា ១០កញ្ចប់ និង ធុងទឹកផឹក នៅសល់ទឹកតែបន្តិច ដោយបុរសជនជាតិវៀតណាម បានថ្លែងប្រាប់សមត្ថកិច្ចថៃថា រូបលោកបានតាំងចិត្តធ្វើដំណើរទៅរកប្រពន្ធនៅឯម៉ុមបៃ ប្រទេសឥណ្ឌា ដែលរូបលោកបានរៀបការកាលពី២ឆ្នាំមុន ប៉ុន្តែត្រូវឃ្លាតឆ្ងាយដោយសារតែកូវីដ-១៩ ដោយបុរសជនជាតិវៀតណាមបានបញ្ជាក់បន្ថែមថា រូបលោកបានហោះពីសៃង៉ននៃប្រទេសវៀតណាម មកចុះចតនៅឯ ព្រលានយន្តហោះសុវណ្ណាភូមិនៃទីក្រុងបាងកក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កន្លងមក។

បន្ទាប់មករូបលោកចង់បន្តដំណើរទៅប្រទេសឥណ្ឌា ប៉ុន្តែរូបលោកមិនមានវីសាធ្វើដំណើរចូលទៅកាន់ប្រទេសឥណ្ឌា ទើបលោកបានសម្រេចចិត្ត ជិះឡានមកកាន់ខេត្ត ភូកេត មុននឹងធ្វើការរកទូកផ្លុំខ្យល់ រួចចែវចេញពីមាត់ច្រាំង នៃខេត្តភូកេត នៅថ្ងៃទី៥ ខែមីនា ដោយមានគោលដៅគឺទៅមាត់ច្រាំងប្រទេសឥណ្ឌា ដោយមានប្រវែងប្រមាណជា ២០០០គីឡូម៉ែត្រ ដោយរូបលោកបានបណ្តែតនៅលើសមុទ្រប្រមាណជា ១៨យប់ហើយមុននឹងសមត្ថកិច្ចទទួលសេចក្តីរាយការណ៍ពីទូកនេសាទ ។ ចុងក្រោយសមត្ថកិច្ចក៏បានធ្វើតេស្តរកមេរោគកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ធ្វើចំណាត់ការបន្តទៀត។

អត្ថបទ ៖ Bee

ប្រភព៖​ sanook

Share This Post: